ហុងកុង៖ យោងតាមសេចក្តីជូនដំណឹងមួយនៅលើគណនីហ្វេសប៊ុករបស់សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោរបស់ហុងកុងលោក Joshua Wong បានបង្ហាញថា ពេលនេះលោកអាចនិងរងការចោទប្រកាន់បន្ថែម ពីរំលោភច្បាប់សន្តិសុខជាតិថ្មីនៃទីក្រុងហុង ខណៈដែលលោកកំពុងមានទោស ជាប់ពន្ធនាគារ១៣ខែកន្លះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១។
ប៉ូលីសហុងកុងបានចាប់ខ្លួនមនុស្ស ៥៣ នាក់នៅក្នុងការវាយឆ្មក់ពេលព្រឹកទៅលើសកម្មជនប្រជាធិបតេយ្យកាលពីថ្ងៃពុធនៅក្នុងការបង្ក្រាបដ៏ធំបំផុតចាប់តាំងពីប្រទេសចិនបានដាក់ចេញនូវច្បាប់សន្តិសុខកាលពីឆ្នាំមុន។ ការចាប់ខ្លួននេះគឺពាក់ព័ន្ធនឹងការបោះឆ្នោតក្រៅផ្លូវការដើម្បីជ្រើសរើសបេក្ខជនប្រឆាំងសម្រាប់ការបោះឆ្នោតកាលពីឆ្នាំមុនដែលអាជ្ញាធរបាននិយាយថាជាផ្នែកមួយនៃផែនការបះបោរដើម្បីផ្តួលរំលំរដ្ឋាភិបាល។
អ្នកនយោបាយប្រជាធិបតេយ្យបានប្រារព្ធធ្វើបឋមមួយដែលមិនធ្លាប់មានពីមុនមកនិងមិនផ្លូវការហើយនៅក្នុងខែកក្កដាដែលមានមនុស្សជាង ៦០ ម៉ឺននាក់បានបោះឆ្នោតជ្រើសរើសថាតើអ្នកណាគួរឈរឈ្មោះនៅក្នុងក្រុមប្រឹក្សានីតិប្បញ្ញត្តិ។
លោក Joshua Wong ដែលបានឈ្នះការបោះឆ្នោតបឋមត្រូវបានឃុំខ្លួនម្តងហើយម្តងទៀត នៅពេលដែលគាត់រៀបចំការប្រមូលផ្តុំដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ។ គាត់ក៏ស្ថិតក្នុងចំណោមបេក្ខជនប្រឆាំង ១២ នាក់ដែលត្រូវបានដកសិទ្ធិក្នុងការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រផងដែរ។
សូមជម្រាបថា ការចាប់ខ្លួននេះបានធ្វើឱ្យមានការព្រួយបារម្ភថាទីក្រុងហុងកុងបានប្រកាន់យកអំណាចផ្តាច់ការមួយយ៉ាងឆាប់រហ័សបន្ទាប់ពីការដាក់ចេញនូវច្បាប់ថ្មីដែលផ្តោតលើអ្វីដែលប្រទេសចិនបានកំណត់ថាជាការធ្វើអបគមន៍ ការបះបោរ អំពើភេរវកម្ម ឬការឃុបឃិតជាមួយកងកម្លាំងបរទេស ខណៈរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានព្រមានផងដែរថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការដាក់ទណ្ឌកម្មបន្ថែម និងការរឹតបន្តឹងផ្សេងទៀតលើអ្នកដែលពាក់ព័ន្ធនឹងការចាប់ខ្លួននាពេលថ្មីៗនេះ៕