លោក Donald Trumpចេញសារផ្សះផ្សាដោយសន្យាផ្ទេរអំណាចឲ្យលោក ចូ បៃដិននៅថ្ងៃ២០មករាខាងមុខដោយសន្តិវិធី

អាមេរិក៖ នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងចាប់តាំងពីក្រុមហ៊ុន Twitter បានផ្អាកគណនីរបស់គាត់ ប្រធានាធិបតីដូណាល់ត្រាំនៅថ្ងៃព្រហស្បតិ៍នេះ(ពេលវេលានៅអាមេរិក)បានចេញវីដេអូ​ថ្កោលទោសចំពោះ“ ការវាយប្រហារដ៏សាហាវ” កាលពីថ្ងៃពុធទៅលើវិមានកាពីតូលអាមេរិកហើយបានសន្យាថានឹងផ្តោតលើការផ្ទេរអំណាចដោយសន្តិវិធីនៅថ្ងៃទី២០ មករាខាងមុខ ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Aljazeera នៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។

លោក Donald Trump​បានបដិសេធមិនព្រមទទួលយកលទ្ធផលបោះឆ្នោតជ្រើសរើសលោក Biden នាពេលថ្មីៗនេះទេ ដោយកាលពីថ្ងៃពុធលោកបានលើកទឹកចិត្តឲ្យអ្នកគាំទ្ររបស់លោកធ្វើដំណើរទៅកាន់វិមានកាពីតូលដែលជាកន្លែងសម្រាប់ក្រុមអ្នកច្បាប់បានប្រមូលផ្តុំដើម្បីបញ្ជាក់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះឃើញថាលោកប្រធានាធិបតីរូបនេះបានផ្លាស់ប្តូរឥរិយាបថជាមួយនឹងសភា ព្រមទាំងបានបញ្ជាក់ពីជ័យជំនះរបស់លោក បៃដិន បន្ទាប់ពីភាពច្របូកច្របល់នៅវិមានកាពីតូល ដោយលោកTrump បាននិយាយថា“ រដ្ឋបាលថ្មីនឹងត្រូវបានបង្កើតឡើងនៅថ្ងៃទី ២០ ខែមករា.. ការផ្តោតអារម្មណ៍របស់ខ្ញុំឥឡូវនេះគឺផ្តោតលើការធានាឱ្យមានការផ្លាស់ប្តូរអំណាចឱ្យមានរបៀបរៀបរយនិងរលូន…ពេលនេះជាពេលទាមទារឲ្យមានការផ្សះផ្សា”។

សូមជម្រាបថា ក្រុមសមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកស្រី Nancy Pelosi បានអំពាវនាវជាថ្មីឱ្យទម្លាក់ប្រធានាធិបតីដូណាល់ ត្រាំ រូបនេះចេញពីតំណែងភ្លាមៗ បន្ទាប់ពីមានភាពចលាចលផ្ទុះឡើងនៅឯវិមានសភាកាលពីថ្ងៃពុធកន្លងទៅដែលបានបណ្ដាលឱ្យមនុស្ស ០៤នាក់ស្លាប់ និងរងរបួសជាច្រើននាក់ផងដែរ ស្របពេលដែលមេដឹកនាំពិភពលោកជាច្រើនរួមមានបារាំង កាណាដា និងអង់គ្លេស ក៏បានអំពាវនាវឱ្យអាមេរិករក្សាសន្តិភាព និងការផ្ទេរអំណាចដោយសន្តិវិធី ហើយពួកគេថែមទាំងចាត់ទុកផងដែរថា សកម្មភាពដែលបានកើតឡើងនៅឯអគារសភាអាមេរិក គឺជាព្រឹត្តិការណ៍ដ៏រន្ធត់ និងជាការវាយប្រហារលើរបបប្រជាធិបតេយ្យ៕

  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២