ខេត្តឧត្តរមានជ័យ ៖ ពិតជាតិរិច្ឆានមែន សូម្បីកូនបង្កើតខ្លួនឯង ក៏ធ្វើទៅរួចដែរ ឪពុកបង្កើតដាច់ចិត្តរំលោភកូនស្រី អាយុ១៤ឆ្នាំ បានសម្រេចជាច្រើនលើក អស់រយៈពេល៤ខែ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយទទួលបណ្ដឹងពីអ៊ំប្រុសរបស់ជនរងគ្រោះ។
យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងពីឈ្មោះ លន់ ឡាត់ ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវជាអ៊ំប្រុសជនរងគ្រោះ ដែលរស់នៅខេត្តឧត្តរមានជ័យ មានកើតករណីរំលោភសេពសន្ថវៈ លើក្មួយស្រីគាត់ កម្លាំងនគរបាលស្រុកបន្ទាយអំពិល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកខ្ពស់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡូត យ៉េ អាយុ៤៤ឆ្នាំ ដោយបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះ ឈ្មោះ ឡ.អ.ស ភេទស្រី អាយុ១៤ឆ្នាំ (ត្រូវជាកូនដើម) កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចជាច្រើនលើក។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះពិតមែន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចរាល់៕


