កូរ៉េខាងជើងកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរថ្មីៗ សម្រាប់ទប់ទល់នឹងសហរដ្ឋអាមេរិក

(កូរ៉េខាងជើង)៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងកំពុងអភិវឌ្ឍសព្វាវុធថ្មីៗ ដែលរួមមាននាវាមុជទឹក, អាវុធយុទ្ធនុយក្លេអ៊ែរ និងក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពកអាចម្ទេចប្រព័ន្ធខែលការពារមីស៊ីល សម្រាប់ទប់ទល់នឹងអាមេរិកដែលចាត់ទុកជាសត្រូវដ៏ធំបំផុត បើទោះបីជាអ្នកណាកាន់តំណែងជាប្រធានាធិបតីអាមេរិកក៏ដោយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។

ក្នុងសមាជគណបក្សពលករកូរ៉េនៅរដ្ឋធានីព្យុងយ៉ាង​កាលពីថ្ងៃអាទិត្យម្សិលមិញ លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាមួយថា ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ក្នុងនោះរួមមាននាវាមុជទឹក, អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ និងក្បាលគ្រាប់នុយក្លេអ៊ែរ នឹងត្រូវដើរទៅមុខជានិច្ច ដោយគ្មានការរំខានអ្វីឡើយ…ខណៈបច្ចេកវិទ្យាក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើន កំពុងស្ថិតក្រោមអភិវឌ្ឍក្នុងដំណាក់កាលចុងក្រោយ។ លោក គីម ជុងអ៊ុន បានបន្ថែមថា យើងកំពុងពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារ ក៏ដូចជាវាយបកសងសឹក ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនប្រភេទ។ លោកក៏អំពាវនាវឲ្យយោធា និងអ្នកវិទ្យាសាស្ត្រកូរ៉េខាងជើងអភិវឌ្ឍអាវុធដែលមានល្បឿនលឿនជាងសំឡេង សម្រាប់មីស៊ីលប្លោងអន្តរទ្វីប ផ្កាយរណបចារកម្ម និងដ្រូនផងដែរ។

លោក គីម ជុងអ៊ុន បញ្ជាក់ថា ទោះបីជានរណានឹងត្រូវឡើងធ្វើជាប្រធានាធិបតីក៏ដោយ ក៏ភាពប្រាកដនៃនយោបាយអាមេរិកដែលប្រឆាំងកូរ៉េខាងជើង គឺគ្មានថ្ងៃផ្លាស់ប្តូរនោះឡើយ។ ដូច្នេះ​កូរ៉េខាងជើង ត្រូវតែបន្តអភិវឌ្ឍអាវុធរបស់ខ្លួន ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក។ ពុំទាន់មានឡើយការឆ្លើយតបពីសហរដ្ឋអាមេរិកនៅឡើយទេជុំវិញការលើកឡើងរបស់កូរ៉េខាងជើងនៅពេលនេះ ប៉ុន្តែលោកបៃឌិន ធ្លាប់បានអះអាងកាលពីខែតុលា ឆ្នាំ២០២០កន្លងទៅថា លោកអាចនឹងពិភាក្សាជាមួយលោកគីម ដរាបណាកូរ៉េខាងជើងកាត់បន្ថយការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២