អាមេរិក៖ ក្រុមអ្នកប្រជាធិបតេយ្យគ្រោងនឹងរៀបចំនិតិវីច្បាប់ដើម្បីចោទប្រកាន់លោក Trump នៅថ្ងៃអង្គារនេះ ពីបទញុះញង់ឱ្យមានការបះបោរនិងអំពើហឹង្សាប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានបណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់កាលពីសប្តាហ៍មុន។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
ប្រធានសភាតំណាងរាស្រ្តលោកស្រី Nancy Pelosi បាននិយាយនៅក្នុងកិច្ចប្រជុំថា ក្រុមអ្នកប្រជាធិបតេយ្យនឹងព្យាយាមចោទប្រកាន់លោក Trump ជាលើកទី ២ ប្រសិនបើអនុប្រធានាធិបតីលោក Mike Pence និងគណៈរដ្ឋមន្រ្តីសេតវិមានមិនបណ្តេញគាត់ចេញក្រោមការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទី ២៥ របស់សហរដ្ឋអាមេរិកទេនោះ។
ក្រុមអ្នកប្រជាធិបតេយ្យបានចោទលោក Trumpថា បានថ្លែងទៅកាន់បាតុកម្មមួយភ្លាមៗមុនពេលអ្នកគាំទ្ររបស់គាត់បានធ្វើការវាយប្រហារវិមានកាពីតូល និងបានធ្វើសេចក្តីថ្លែងការណ៍ “លើកទឹកចិត្ត និងស្មានលទ្ធផលជាមុនថានឹងមានអំពើហឹង្សាកើតឡើង”។
ទោះយ៉ាងណាគណបក្សសាធារណរដ្ឋបានរារាំងសំណើររបស់តំណាងរាស្ត្រអ្នកប្រជាធិបតេយ្យដែលអំពាវនាវឱ្យលោកអនុប្រធានាធិបតី Mike Pence ធ្វើវិសោធនកម្មទី២៥ និងដកលោក Trump ចេញពីតំណែងហើយនីតិវិធីត្រូវបានផ្អាកជាបណ្តោះអាសន្ន។ការបោះឆ្នោតស្តីពីដំណើរការនីតិវិធីនៃការចោទប្រកាន់អាចកើតឡើងនៅថ្ងៃពុធហើយត្រូវការសម្លេងភាគច្រើនដើម្បីអនុម័ត។
ប្រធានាធិបតី Trump ត្រូវបានគេចោទប្រកាន់ជាទូទៅពីបទញុះញង់ក្រុមកុបករដែលបានវាយលុកអគារកាពីតូលដែលជាបេះដូងប្រជាធិបតេយ្យអាមេរិក នៅថ្ងៃទី៦ ខែមករា។ តំណែងប្រធានាធិបតីរបស់លោកនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដោយការចូលកាន់តំណែងរបស់លោកចូ បៃដិនគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមករា ខណៈដែលលោក Trump អាចក្លាយជាប្រធានាធិបតីអាមេរិកតែមួយគត់ដែលត្រូវបានចោទប្រកាន់ដើម្បីទម្លាប់តំណែងចំនួនពីរដង។
សូមជម្រាបថា ប្រសិនបើសភាអនុម័ត ដំណើរការនៃការចោទប្រកាន់ចុងក្រោយនឹងផ្លាស់ទៅព្រឹទ្ធសភាសម្រាប់ការកាត់ក្តី ដោយសមាជិកព្រឹទ្ធសភាដើរតួជាអ្នកកាត់ទោស ដោយការបោះឆ្នោតថាតើត្រូវដោះលែងឬផ្តន្ទាទោសលោក Trump៕