លោក Biden ទទួលចាក់វ៉ាក់សាំងកូវីដជាលើកទី២ និងកំណត់គោលដៅចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋអាមេរិកគ្រប់រូប បន្ទាប់ពីគាត់ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden នៅថ្ងៃអង្គារ បានទទួលវ៉ាក់សាំងកូវីដ១៩ជា លើកទី២  បន្ទាប់ពីទទួលបានវ៉ាក់សាំងដំបូងរបស់គាត់កាលពី៣សប្តាហ៍មុន ជាមួយនឹងផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ ក្នុងគោលបំណងដើម្បីធានាដល់សាធារណជននិងពលរដ្ឋអាមេរិកថាការចាក់ថ្នាំបង្ការគឺមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។

នៅមន្ទីរពេទ្យ Christiana ក្នុងទីក្រុង Newark ​លោក Biden បានដោះអាវក្រៅរបស់គាត់ចេញដើម្បីបង្ហាញអាវយឺតដៃអាវខ្លីមួយនៅពីក្រោមហើយនិយាយថា“ ត្រៀមរួចហើយ សូមគិលានុបដ្ឋាយិកា Ric Cumin ចាប់ផ្តើម”។ សកម្មភាពនៃនីតិវិធីនៃការចាក់វ៉ាក់សាំងត្រូវបានចាក់ផ្សាយតាមបណ្តាព័ត៌មានភ្លាមៗបន្ទាប់ពីវាបានកើតឡើង។ នៅក្នុងសេចក្តីអត្ថាធិប្បាយសង្ខេបទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការទទួលចាក់វ៉ាក់សាំងរបស់គាត់លោក Biden បាននិយាយថាគាត់មានទំនុកចិត្តលើក្រុមប្រយុទ្ធរបស់គាត់ដើម្បីឈានដល់គោលដៅចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋអាមេរិកគ្រប់រូប បន្ទាប់ពីគាត់ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech តម្រូវឱ្យមានការចាក់វ៉ាក់សាំងពីរលើក គឺរយៈពេលបីសប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូង។ ចំពោះវ៉ាក់សាំងមួយទៀតដែលផលិតដោយក្រុមហ៊ុន Moderna វាមានរយៈពេលបួនសប្តាហ៍ ដោយឡែកវ៉ាក់សាំងដែលចាក់តែមួយដងកំពុងស្ថិតក្នុងការសាកល្បងនៅឡើយ។

លោក Biden បានប្តេជ្ញាថានឹងចាក់វ៉ាក់សាំងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីធានាថានឹងមានការផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យអ្នកទាំងអស់គ្នាទទួលបានការចាក់វ៉ាក់សាំងលើកទី ១។ កាលពីសប្តាហ៍មុនលោក Biden បានប្រកាសថាគោលដៅចម្បងរបស់គាត់គឺការពារមនុស្សអោយបានច្រើន និងលឿនបំផុត។

សូមជម្រាបថា លោក Biden អនុប្រធានាធិបតី Mike Pence និងថ្នាក់ដឹកនាំជាតិដទៃទៀតទទួលបានការចាក់វ៉ាក់សាំងជុំទី១ នៅមុនថ្ងៃបុណ្យណូអែលកន្លងទៅ ខណៈបច្ចុប្បន្នវីរុសកូវីដ១៩បានសម្លាប់មនុស្សជិត ៣៧៥.០០០ នាក់ហើយនៅសហរដ្ឋអាមេរិក ក្នុងចំណោមករណីឆ្លងសរុបជាង២៣លាននាក់ និងមានអត្រាស្លាប់ប្រចាំថ្ងៃរាប់ពាន់នាក់ផងដែរ៕  

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២