ភ្នំពេញ ៖ យុវជនជានិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាម្នាក់សម្រេច បញ្ចប់ជីវិតដោយបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលជាន់ទី ៣ ទំនងជាខឹងម្តាយស្តីបន្ទោស ដោយបន្សល់ទុកបណ្ដាំ មួយសន្លឹក ជូនម្ដាយជាទីស្រលាញ់។
ករណីអត្តឃាតនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង ២រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លាក្នុងភូមិចុងខ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យុវនិស្សិតដែលធ្វើអត្តឃាតនេះ មានឈ្មោះ ម៉ា ត្រា អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកគីមី ចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្នាក់នៅបន្ទប់ជួលលេខ36 កន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិទ្រាសឃុំ ទ្រាស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ ទាក់ទិនការធ្វើអត្តឃាតនេះគេពុំដឹងពីមូលហេតុអ្វីឡើយគេមានការសង្ស័យថា យុវជនរូបនោះតូចចិត្តខ្លួនឯងដោយសារម្ដាយស្ដីបន្ទោសបន្តិចបន្តួច។
តាមម្ចាស់ផ្ទះជួល បានប្រាប់សមត្ថកិច្ច ឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា ១២ថ្ងៃត្រង់ថ្ងៃទី១៧ នេះស្ត្រីជាម្ដាយបានទូរស័ព្ទមកឲ្យទៅមើល បន្ទប់កូន របស់គាត់ ដោយសារគាត់តេមិនចូល បិទទូរស័ព្ទ ពេលទៅដល់ក៏បានប្រទះឃើញបន្ទប់បិទទ្វារ ហើយនាំគ្នាដោះកញ្ចក់មើលឃើញសពចងកក្នុងបន្ទប់ទឹក។
តាមព័ត៌មានឱ្យដឹងថា នៅវេលាល្ងាចថ្ងៃទី១៦ ខែមករា និស្សិតរូបនោះទូរស័ព្ទទៅម្ដាយ ទំនងជាខឹងម្តាយស្តីបន្ទោស ក៏បានបិទទូរស័ព្ទមិននឹកស្មានចងកបែបនេះ។ បន្ទាប់ភ្ញាក់ផ្អើលម្ចាស់ផ្ទះរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីធ្វើការត្រួតពិនិត្យ។
នៅក្នុងបន្ទប់សមត្ថកិច្ចរកឃើញមានសំបុត្រមួយច្បាប់ដែលយុវជនរូបនោះសរសេរជាភាសាអង់គ្លេសផ្ញើទុកជូនម្ដាយ៕


