តូក្យូ៖ ការធ្វើអត្តឃាតបានកើនឡើងនៅក្នុងប្រទេសជប៉ុនក្នុងអំឡុងឆ្នាំ២០២០នេះ បន្ទាប់ពីការធ្លាក់ចុះអស់មួយទសវត្សរ៍ ដោយចំនួនស្ត្រីធ្វើអត្តឃាតបានកើនឡើងដោយសារតែភាពតានតឹងខាងផ្លូវចិត្ត បញ្ហាហិរញ្ញវត្ថុ និងបណ្តាលមកពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ខណៈដែលបុរសមានអត្រាសម្លាប់ខ្លួនតិចជាងមុន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
ទិន្នន័យបឋមពីប៉ូលីសជប៉ុន ដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះបានបង្ហាញថា ការធ្វើអត្តឃាតសរុបមានចំនួន ២០,៩១៩នាក់ក្នុងឆ្នាំ២០២០ដែលចំនួននេះមានចំនួនច្រើនជាងឆ្នាំ ២០១៩ចំនួន ៧៥០នាក់។ ក្រុមសកម្មជន និងអ្នកស្រាវជ្រាវបាននិយាយថាអត្រានៃការធ្វើអត្តឃាតបានធ្លាក់ចុះទាបនៅពាក់កណ្តាលដំបូងនៃឆ្នាំ ២០២០ ប៉ុន្តែចាប់ពីខែកក្កដាទៅចំនួនបានចាប់ផ្តើមកើនឡើងនៅពេលដែលផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុសកូវីដ១៩នេះកើតមាន។
ក្នុងឆ្នាំ២០២០ មានបុរសជនជាតិជប៉ុន ១៣.៩៤៣នាក់ និងស្ត្រី ៦.៩៧៦ នាក់បានបាត់បង់ជីវិត ដែលជាការធ្លាក់ចុះ ១ ភាគរយចំពោះបុរសប៉ុន្តែមានការកើនឡើង ១៤.៥ ភាគរយសម្រាប់ស្ត្រីដែលធ្វើការនៅក្នុងវិស័យសេវាកម្ម និងផ្នែកលក់រាយដែលបានបាត់បង់ការងារច្រើនជាងក្នុងអំឡុងពេលមានជំងឺរាតត្បាត។
សូមជម្រាបថា ការធ្វើអត្តឃាតមានប្រវត្តិសាស្ត្រយូរអង្វែងមកហើយនៅក្នុងប្រទេសជប៉ុនដែលជាមធ្យោបាយមួយដើម្បីចៀសវាងភាពអាម៉ាស់ ហើយអត្រានៃការធ្វើអត្តឃាតបានឈានដល់កំពូលសម្រាប់ជនជាតិជប៉ុន ប៉ុន្តែការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលបានធ្វើឱ្យតួលេខធ្លាក់ចុះប្រហែល ៤០ ភាគរយក្នុងរយៈពេល ១៥ឆ្នាំដែលរាប់បញ្ចូលទាំងរយៈពេលធ្លាក់ចុះ ១០ឆ្នាំជាប់គ្នាចាប់ពីឆ្នាំ ២០០៩មក៕