ប្រធានាធិបតីរុស្ស៊ី ថ្កោលទោសការធ្វើបាតុកម្មទាមទារដោះលែងលោកAlexei Navalny

ម៉ូស្គូល៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្កោលទោសការធ្វើបាតុកម្មកាលពី​  សប្តាហ៍មុន ដើម្បីទាមទារឱ្យមានការដោះលែងអ្នករិះគន់វិមានក្រឹមឡាំងគឺលោក Alexei Navalny ដែលបង្កឲ្យមានគ្រោះថ្នាក់ និងជាអំពើខុសច្បាប់   ខណៈដែលក្រុមសម្ព័ន្ធមិត្តនយោបាយបក្សប្រឆាំងគ្រោងធ្វើបាតុកម្មនៅថ្ងៃអាទិត្យនេះផងដែរ។

ប៉ូលីសបានឃុំខ្លួនមនុស្សជាង ៣.៧០០ នាក់ និងបានប្រើកម្លាំងដើម្បីបំបែកការប្រមូលផ្តុំគ្នានៅទូទាំងប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ ខណៈដែលក្រុមបាតុកររាប់ពាន់នាក់មិនអើពើនឹងអាកាសធាតុត្រជាក់ខ្លាំងហើយបានទាមទារឲ្យប៉ូលីសដោះលែងលោក Navalny  ពីពន្ធនាគារ។

លោក Putin ដែលចៀសវាងមិននិយាយឈ្មោះ Navalny ក៏បានប្រាប់ពលរដ្ឋរុស្ស៊ីកាលពីថ្ងៃច័ន្ទថា មិនគួរប្រើសកម្មភាពតវ៉ាខុសច្បាប់ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួនឡើយ…មនុស្សគ្រប់រូបមានសិទ្ធិបង្ហាញពីទស្សនៈរបស់ពួកគេនៅក្នុងក្របខ័ណ្ឌដែលច្បាប់បានចែង… អ្វីដែលនៅក្រៅច្បាប់មិនមែនគ្រាន់តែជាការប្រឆាំងប៉ុណ្ណោះទេប៉ុន្តែវានឹងបង្ករឲ្យមានគ្រោះថ្នាក់ផងដែរ។

លោក Putin បានលើកឡើង​ពីភាពចលាចលដែលបណ្តាលមកពីបដិវត្តរុស្ស៊ីឆ្នាំ ១៩១៧ និងការដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១ ជាឧទាហរណ៍នៃរបៀបដែលសកម្មភាពខុសច្បាប់អាចបង្កឱ្យមានការលំបាកដល់ប្រជាជន ដូច្នេះពលរដ្ឋរុស្ស៊ីគួរតែជៀសវាង។

សូមជម្រាបថា លោក Leonid Volkov ដែលជាសម្ព័ន្ធមិត្តរបស់លោក Navalny ដែលកំពុងស្ថិតនៅខាងក្រៅប្រទេសបានប្រកាសពីផែនការសម្រាប់ការប្រមូលផ្តុំតវ៉ានៅថ្ងៃអាទិត្យនេះ ដើម្បីទាមទារ ឲ្យលោកNavalny មានសេរីភាពឡើងវិញ ស្របដែលសហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ក៏អំពាវនាវឱ្យរដ្ឋាភិបាលរុស្ស៊ីដោះលែងមេបក្សប្រឆាំងលោក Alexei Navalnyវិញផងដែរ៕

គួរបញ្ជាក់ផងដែរថា មេដឹកនំាគណបក្សប្រឆាំងធំបំផុត នៅក្នុងប្រទេសរុស្ស៊ី លោក Alexei Navalny ត្រូវបានប៉ូលិសរុស្ស៊ីចាប់ខ្លួនភ្លាមៗ បន្ទាប់ពីជិះយន្ដហោះពីប្រទេសអាល្លឺម៉ង់ ត្រលប់មកដល់ទីក្រុងម៉ូស្គូវិញ កាលពីថ្ងៃទី១៧ ខែមករាកន្លងទៅ ដោយវាមានរយៈពេល ០៥ខែបន្ទាប់លោកត្រូវគេប៉ុនប៉ងធ្វើឃាត៕ 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២