សភា​តំណាងរាស្រ្តអាមេរិក​បញ្ជូនការចោទប្រកាន់លោកដូ​ណា​ល់ ត្រាំ​ទៅដល់ព្រឹទ្ធសភាហើយ

អាមេរិក៖ សភា​តំណាងរាស្រ្តអាមេរិក​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ បាន​បញ្ជូន​ការ​ចោទប្រកាន់​អតីត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ទៅ​ព្រឹទ្ធសភាហើយ​នៅ​ថ្ងៃទី​២៥ មករានេះ​(ពេលវេលានៅអាមេរិក) ពីបទ​ញុះញង់​ឱ្យ​អ្នកគាំទ្រ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​អាមេរិក បន្ទាប់ពី​ក្រុមអ្នកគាំទ្រលោក ត្រាំ សម្រុកចូលវាយប្រហារ​វិមានសភា​ដែល​កំពុង​ប្រជុំ​ប្រកាសទទួលស្គាល់ពី​ជ័យជម្នះ​លោក​ចូ បៃ​ឌិន កាលពី​ថ្ងៃទី​៦ មករាកន្លងទៅ​។

​សមាជិកសភាបក្សប្រជាធិបតេយ្យ​ចំនួន​៩​រូប ដើរតួជាអ្នក​​ចោទប្រកាន់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ  ដោយនៅ​ថ្ងៃទី​១៣ ខែមករា សភា​តំណាង​បានអនុម័ត​ច្បាប់​ចោទប្រកាន់​នេះ ។ និតិវីធីបន្ទាប់គឺ​ព្រឹទ្ធសភា​អាមេរិក នឹងត្រូវ​កាត់ក្តី​អតីត​ប្រធានាធិបតី​រូបនេះ​នៅ​ថ្ងៃទី​៩ កុម្ភៈ​ខាងមុខនេះ ខណៈ លោក ត្រាំ ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​ដែល​ត្រូវ​សភា​ចោទប្រកាន់​ចំនួន​ពីរដង ដោយ​លើកទីមួយ​នៅ​ខែធ្នូ ឆ្នាំ​២០១៩ ប៉ុន្តែត្រូវបាន​ព្រឹទ្ធសភា​កាត់ក្តី​ឱ្យ​រួចទោស​នៅ​ថ្ងៃទី​៥ កុម្ភៈ ឆ្នាំ​២០២០​។​

សូមជម្រាបថា បើ​សិនជាព្រឹទ្ធសភា​រកឃើញថា អតីតប្រធានាធិបតីរូបនេះមានទោស​ក្នុងការញុះញង់ បង្ករឲ្យមានការ​បះបោរប្រឆាំងរដ្ឋាភិបាល​មែនលោក ត្រាំ នឹង​មិនអាច​ឈរឈ្មោះ​បោះឆ្នោតឬ​កាន់តំណែងជាប្រធានាធិបតី​អាមេរិកបាន​ទៀតឡើយ​៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២