ម៉ូស្គូល៖ កាលពីថ្ងៃពុធម្សិលមិញនេះ អាជ្ញាធររុស្ស៊ីបានវាយឆ្មក់ចូលផ្ទះ និងការិយាល័យរបស់លោកAlexey Navalny ដោយបានឃាត់ខ្លួនក្រុមសម្ព័ន្ធមិត្ត និងបងប្អូនរបស់គាត់ យកទៅឃុំឃាំង ខណៈដែលពួកគេគ្រោងនិងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យដោះលែងមេបក្សប្រឆាំងដ៏ធំរបស់រុស្ស៊ីរូបនេះ។
ក្រុមអាជ្ញាធរនិយាយថាការវាយឆ្មក់កាលពីថ្ងៃពុធគឺជាផ្នែកមួយនៃការស៊ើបអង្កេតព្រហ្មទណ្ឌទៅលើការរំលោភលើវិធានការពារកូវីដ១៩នៅឯការតវ៉ាកាលពីចុងសប្តាហ៍មុន នៅពេលដែលមនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវដើម្បីទាមទារឱ្យមានការដោះលែងលោក Navalny ។ ប៉ូលីសបានអះអាងថា ជាការតវ៉ាខុសច្បាប់ ដោយបាតុករជិត ៤០០០ នាក់ត្រូវបានឃុំខ្លួន។
លោក Ivan Zhdanov ប្រធានមូលនិធិប្រឆាំងអំពើពុករលួយ FBK របស់ Navalny បាននិយាយថាប៉ូលីសបានឆែកឆេរផ្ទះ ក៏ដូចជាការិយាល័យរបស់អង្គការពេលនេះដោយភ្ជាប់ទៅនឹងលោក Navalny មិនមែនដូចការចោទប្រកាន់ថាបានរំលោភលើការរឹតត្បិតវីរុសកូរ៉ូណានោះទេ។ ទោះយ៉ាងណា ក្រសួងមហាផ្ទៃរុស្ស៊ីបាននិយាយថាខ្លួនកំពុងចាប់ផ្តើមការស៊ើបអង្កេតព្រហ្មទណ្ឌទៅលើការរំលោភលើច្បាប់រឹតបន្តឹងការរាតត្បាតកូវីដ ១៩ ក្នុងពេលតវ៉ា។
លោក Navalny អាយុ ៤៤ ឆ្នាំគឺជាគូរប្រកួតប្រជែងដ៏លេចធ្លោបំផុតរបស់លោក ពូទីន ដែលលោកស្ទើរតែបាត់បង់ជីវិតទៅហើយ បន្ទាប់ពីត្រូវបានបំពុលកាលពីឆ្នាំមុន។ បច្ចុប្បន្នលោក Navalny កំពុងជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅពេលដែលគាត់បានត្រឡប់មកប្រទេសរុស្ស៊ីវិញកាលពីសប្តាហ៍មុន ក្រោយពីបានគេចខ្លួនទៅរស់នៅប្រទេសអាល្លឺម៉ង់មួយរយៈ ៕




