ក្រុងឡុងដ៍៖ នៅថ្ងៃសុក្រ ទី២៩ រដ្ឋាភិបាលអង់គ្លេស បានប្តេជ្ញាឈរជើងជាមួយប្រជាជនហុងកុងដើម្បីប្រឆាំងនឹងការបង្ក្រាប ការកៀបសង្កត់ ក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ចិន ខណៈដែលខ្លួនបានត្រៀមរៀបចំគម្រោងថ្មីមួយដែលអាចផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋហុងកុងរាប់លាននាក់។
នាយករដ្ឋមន្រ្តី Boris Johnson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា“ ខ្ញុំពិតជាមានមោទនភាពក្រៃលែងដែលយើងបាននាំយកដំណោះស្រាយថ្មីនេះសម្រាប់ពលរដ្ឋហុងកុងដែលកាន់លិខិតឆ្លងដែន (BNO) ដើម្បីអនុញ្ញាត្តឪ្យពួកគេបានរស់នៅ ធ្វើការ និងសាងសង់ផ្ទះនៅក្នុងប្រទេសរបស់យើង” ។
ពលរដ្ឋហុងកុងដែលកាន់លិខិតឆ្លងដែនសញ្ជាតិអង់គ្លេសក្រៅប្រទេស (BNO) ក្នុងកំឡុងនៃការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសលើទីក្រុងហុងកុងរហូតដល់ឆ្នាំ១៩៩៧ ដោយចាប់ពីថ្ងៃអាទិត្យនេះតទៅ នឹងអាចដាក់ពាក្យសុំរស់នៅ និងធ្វើការនៅចក្រភពអង់គ្លេសបានរហូតដល់ ៥ ឆ្នាំ ហើយនៅទីបំផុតពួកគេអាចនឹងស្នើរសុំបានសញ្ជាតិអង់គ្លេសតែម្តង។ មុនពេលមានការផ្លាស់ប្តូរនេះអ្នកកាន់លិខិតឆ្លងដែន (BNO) មានសិទ្ធិក្នុងការទៅលេងចក្រភពអង់គ្លេសត្រឹមតែ ៦ ខែតែប៉ុណ្ណោះ ហើយមិនមានសិទ្ធធ្វើការ ឫប្រកបរបរផ្សេងៗនោះទេ។
សូមជម្រាបថា សកម្មភាពដែលចក្រភពអង់គ្លេសកំពុងធ្វើពេលនេះ គឺដើម្បីឆ្លើយតបនឹងច្បាប់សន្តិសុខជាតិដែលបានកំណត់ដោយប្រទេសចិនកាលពីឆ្នាំមុនដែលបានបំផ្លិចបំផ្លាញចលនាប្រជាធិបតេយ្យរបស់ហុងកុងនិងសេរីភាពដែលមានរយៈពេលជាង ៥០ឆ្នាំមកហើយ នៅពេលដែលអង់គ្លេសបានប្រគល់ទីក្រុងហុងកុងមកឲ្យចិនគ្រប់គ្រងវិញ ។ ទោះយ៉ាងណាប្រទេសចិនមានការខឹងសម្បារយ៉ាងខ្លាំងចំពោះច្បាប់ទិដ្ឋាកាថ្មីរបស់ចក្រភពអង់គ្លេស ដោយបានចោទប្រកាន់ទីក្រុងឡុងដ៍ថាបានរំលោភកិច្ចព្រមព្រៀងឆ្នាំ១៩៩៧ និងទាមទារឱ្យបណ្តាប្រទេសលោកខាងលិចកុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុងបន្តទៀត៕