អនាគតដ៏វែងឆ្ងាយ ត្រូវបានបញ្ចប់! មុខមាត់ឪពុកម្តាយក៏បាត់បង់ ដោយសារតែកូនៗ ជាសិស្សសាលា ពី២នាក់សហការឌុបគ្នា ចេញឆក់ ប៉ះចំអ្នកសារព័ត៌មានទៀត

ភ្នំពេញ ៖ យុវសិស្ស ២នាក់ បានធ្វើអោយអនាគតដ៏វែងឆ្ងាយរបស់ខ្លួន ត្រូវបានបញ្ចប់ ចំណែក មុខមាត់ឪពុកម្តាយ ក៏ត្រូវអាប់អោន ដោយសារតែ កូនៗ ទាំង២នាក់ បែរជាសហការឌុបគ្នាចេញឆក់ទ្រព្យ សម្បត្តិ បងប្អូនប្រជាពលរដ្ឋ តាមទីសាធារណៈ។ ក្រោយពីធ្វើសកម្មភាព យុវសិស្សទាំង២នាក់ ត្រូវបាន កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន ជាបន្តបន្ទាប់។

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឲ្យដឹងថា ១-ឈ្មោះ រិទ្ធិ ច័ន្ទបុត្រ អាយុ១៦ឆ្នាំ មុខរបរសិស្ស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ២០ ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និងឈ្មោះ ហេង វិសាល អាយុ១៧ឆ្នាំ មុខរបរសិស្ស ត្រូវបានឃាត់ខ្លួននៅចំណុចមុខផ្ទះជួលលេខ៣៥៣ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ឃឹម ប៊ុនណាក់ ភេទប្រុស អាយុ ៦១ ឆ្នាំ មុខរបរអ្នកសារព័ត៌មានកោះសន្តិភាព។ សម្ភារៈបាត់បង់មាន ៖ កាបូបយួរដៃចំនួន ០១, -ទូរស័ព្ទដៃចំនួន ២ គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃមានទូរស័ព្ទ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៤១E ផ្លូវលេខ ២២៨ ក្រុម១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូចំនួន ០១ គ្រឿងម៉ាកហុងដាប៊ីត ឆ្នាំផលិត២០២១ ពាក់ស្លាកលេខ ភ្នំពេញ១IL ៨១៦៧ គឺឈ្មោះ ហេង វិសាល បានបើកម៉ូតូឌុបឈ្មោះ រិទ្ធិ ច័ន្ទបុត្រ មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាស្កូពីម្នាក់ឯង ទុកកាបូបយួរដៃនៅក្នុងឃ្លុបម៉ូតូខាងមុខ ។ ពេលនោះជនសង្ស័យឈ្មោះ ហេង វិសាល ក៏បើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកកាបូបយួរដៃពីក្នុងឃ្លុបម៉ូតូរបស់ជនរងគ្រោះ បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២