មីយ៉ាន់ម៉ា ៖ ទីភ្នាក់ងារសារព័ត៌មាន មៀវឌី ជាប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ព បានផ្សាយថា មេបញ្ជាការទាហានជាន់ខ្ពស់ មីយ៉ាន់ម៉ា បានចូលកាន់តំណែងអំណាចរដ្ឋ និងបានថ្លែងបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គល កើតចេញពីការមិនមានស្ថេរភាព សន្តិសុខ ផ្នែកនយោបាយ ក្រោយពីបានរកឃើញភាពមិនប្រក្រតី នៃការចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត។
កងទ័ពមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នទូទាំងប្រទេសរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២១ និងបានតែងតាំង ឧត្តមសេនីយ៍ឯក ម៉ិន សួយ អនុប្រធានាធិបតី ទៅជាប្រធានាធិបតីបណ្តោះអាសន្ន។ ឧត្តមសេនីយ៍ឯក ម៉ិន សួយ ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ ឧត្តមសេនីយ៍ឯកជាន់ខ្ពស់ តាន ឈួយ អតីតមេដឹកនាំរដ្ឋមីយ៉ាន់ម៉ា។
អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បាននិយាយថា មេដឹកនាំមីយ៉ាន់ម៉ា និងលោកស្រី អ៊ុងសាន ស៊ូជី ព្រមទាំងឥស្សរជនជាន់ខ្ពស់ដទៃទៀត ត្រូវបានចាប់ឃុំខ្លួន ក្នុងការវាយឆ្មក់មួយ ដោយកងយោធាកាលពីព្រឹកព្រលឹមថ្ងៃចន្ទ ទី១ ខែកុម្ភៈនេះ។
លោក ម៉ៃយ៉ូ នីយុទ្ធ (Myo Nyunt) អ្នកនាំពាក្យ NLD បានប្រាប់រ៉យទ័រតាមទូរស័ព្ទថាលោកស្រីអ៊ុងសាន ស៊ូជី, ប្រធានាធិបតីលោក វីន ម៉ៃយ៉ិន (Win Myint) និងមេដឹកនាំដទៃទៀតត្រូវបានកងកម្លាំងយោធាចាប់ខ្លួនយកទៅកាលពីព្រឹកព្រលឹមនេះ។
លោកមានប្រសាសន៍ថា “ ខ្ញុំចង់ប្រាប់ប្រជាជនរបស់យើងកុំឲ្យឆ្លើយតបដោយប្រញាប់ប្រញាល់ហើយ ខ្ញុំចង់ឲ្យ ពួកគេធ្វើទៅតាមច្បាប់” ។ ប៉ុន្តែលោក Myo Nyunt បានបញ្ជាក់ជាមួយនឹងស្ថានការណ៍ដែលកំពុងកើតឡើងនៅពេលនេះ យើងត្រូវតែសន្មតថាយោធាកំពុងតែធ្វើរដ្ឋប្រហារ”។
គណបក្ស NLD បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតទៅទទួលសំឡេងរហូតដល់ ៨៥% កាលពីថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២០។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានឲ្យដឹងថាអាមេរិក និងលូកដៃប្រសិនបើយោធា មីយ៉ាន់ម៉ា មិនព្រមដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀត។ “សហរដ្ឋអាមេរិកប្រឆាំងនិងការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះ ឬរារាំងការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យរបស់ មីយ៉ាន់ម៉ា នឹងចាត់វិធានការប្រឆាំងនិងអ្នកដែលទទួលខុសត្រូវ ប្រសិនបើជំហានទាំងនេះមិនត្រូវបានផ្លាស់ប្ដូរ”។
សូមជម្រាបជូនថា លោកស្រី អ៊ុងសាន ស៊ូជី ចាប់តាំងពីក្លាយជាទីប្រឹក្សារដ្ឋ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៦ ក្រោយពីទទួលជ័យជំនះក្នុងបោះឆ្នោតទូទៅកាលពីចុងឆ្នាំ២០១៥។
រដ្ឋអំណាចក្រោមការដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ក៏បានទទួលការរិះគន់ជាច្រើនពីបណ្តាប្រទេសលោកសេរី ចំពោះការចោទប្រកាន់ពីការធ្វើទុក្ខបុកម្នេញទៅលើប្រជាជនរូហ៊ីនយ៉ា នៅក្នុងរដ្ឋរ៉ាក់ខាញ៕