យុវជនទំពាំងស្នងឫស្សី ពេលទំនេរមិនគិតរៀនសូត្រ បែរជានាំគ្នា ២៨នាក់ ជិះម៉ូតូ អូសដាវសាំម៉ូរ៉ៃពេញថ្នល់

ភ្នំពេញ ៖ យុវជន ដែលជាទំពាងស្នងឫស្សី ក្មេងៗ ចំនួន២៨នាក់ ពេលទំនេរមិនគិតគូររៀនសូត្រ បែរជានាំគ្នា ជិះម៉ូតូអូសដាវសាំម៉ូរ៉ៃពេញថ្នល់ទាំងយប់អធ្រាត្របង្កឱ្យប្រជាពលរដ្ឋភ័យខ្លាច ត្រូវបាន នគរបាលទទួលផ្នែកការងារព្រហ្មទណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ២ បង្ក្រាបនិងចាប់ខ្លួន ថែមទាំងដកហូតបានគ្រឿងញៀន០៧កញ្ចប់ ទៀតផង។

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថាកាលពីវេលាម៉ោង០១និង៣០នាទីយប់អធ្រាត្រឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវវេងស្រេង ភូមិជ្រៃកោងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានក្រុមក្មេងទំនើង០១ក្រុមជិះម៉ូតូចំនួន១២គ្រឿង ប្រណាំងគ្នាប្រសាចតាមផ្លូវ ហើយអូសដាវសាំម៉ូរ៉ៃពេញថ្នល់ ខណៈនោះក៏បានជួបប្រទះជាមួយ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងចេញល្បាតដោយឃើញសកម្មភាពបែបនោះ កម្លាំងនគរបាលក៏បានចាប់ឃាត់ក្មេងទំនើងទាំងនោះ ឆែកឆេរត្រួតពិនិត្យរកឃើញថ្នាំញៀន០៧កញ្ចប់ រួមនិងអាវុធជាប្រភេទកាំបិទកែច្នៃ ដាវសាំម៉ូរ៉ៃនិងជំពាមកៅស៊ូសរុប០៦ និងដុំថ្ម០៧ដុំ ដែកថ្នាំង០១ដើម និងម៉ូតូ១២គ្រឿងផងដែរ។

សមត្ថកិច្ច បន្តទៀតថា ក្នុងចំណោមក្មេងទំនើងទាំង២៨នាក់នោះមានមុខសញ្ញាមួយចំនួនដែលសង្ស័យធ្លាប់ធ្វើសកម្មភាពធាក់ផ្តួលម៉ូតូប្រជាពលរដ្ឋដើម្បីប្លន់យកម៉ូតូនិងមានមុខសញ្ញាឆក់ផងដែរ។ក្មេងទំនើងទាំងនេះបច្ចុប្បន្នបាននឹងឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ចំពោះក្មេងទំនើងរកឃើញថាជាប់ពាក់ព័ន្ធជាមុខសញ្ញាប្រព្រឹត្តបទល្មើសខុសច្បាប់ត្រូវបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ចំណែកមួយចំនួនទៀតមិនធ្លាប់ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសត្រូវអប់រំធ្វើកិច្ចសន្យាកោះហៅអាណាព្យាបាលមកទទួលនិងដោះលែងត្រឡប់ទៅផ្ទះដោយប្រគល់ឱ្យអាណាព្យាបាលអប់រំបន្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២