នាវាម៉ារីន លិចនៅក្នុងទន្លេមេគង្គ មានគ្រាប់យុទ្ធភណ្ឌ អាចមានទម្ងន់ពី៤០ទៅ៥០តោន ក្រោយពីអាជ្ញាធរ ស្រង់បានជាង ៨តោន

ខេត្តកំពង់ចាម ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណីនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងជាអនុប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានអោយដឹងថា នាវាម៉ារីន លិចនៅក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុន អាចមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ៤០ ទៅ៥០តោន ខណៈបេសកកម្មរុករករយៈពេលជាង ៤ខែមកនេះ ត្រូវកម្លាំងជំនាញប្រមូល និងស្រង់មកលើគោកបានជាង៨តោន។

គ្រាប់យុទ្ធភណ្ឌ និងគ្រោងឆ្អឹងមនុស្សនោះ គឺត្រូវបានអ្នកជំនាញសិក្សាថា សល់តាំងពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ រវាងកងទ័ពសេនាប្រមុខលន់នល់ ជាមួយនឹងកងទ័ពរំដោះកម្ពុជាប្រជាធិបតេយ្យ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណីនី បញ្ជាក់ថា៖ “បើគិតជាទម្ងន់យើងស្រង់បានជាង៨តោនហើយ នេះជាគ្រាប់ដែលយកពីក្លូបទី១ទេ នាវាម៉ារីននេះ មានរហូតដល់៥ក្លូប អញ្ចឹងទើបយកក្លូបទី១ យកអត់ទាន់អស់ផង អញ្ចឹងទំហំគ្រាប់ដែលនៅក្នុងនាវានេះ មានប្រមាណជា៤០ ទៅ ៥០តោន អីឡូវយកទើបយកបានប៉ុណ្ណឹងទេ”។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (NPMEC) បានឱ្យដឹងថា ៖ “កិច្ចប្រតិបត្តិការរបស់យើងនាពេលនេះ ប្រមូលបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៥៣,៧៧០គ្រាប់ ទម្ងន់សរុបប្រមាណ ៨,១០០គីឡូក្រាម ហើយពេលបច្ចុប្បន្ននេះ កម្លាំងជំនាញទើបនឹងចូលមកដល់ក្លូបទី១ នៃតួនាវា ប៉ុន្តែ នាវានេះជាប្រភេទនាវាធំ ដឹកសម្ភារសឹកធំ មានប្រវែងរហូតដល់៤០ម៉ែត្រ ទទឹងប្រមាណជា ៥,៥ម៉ែត្រ និងមានជម្រៅទឹក ៤.៥០ម៉ែត្រ ដូច្នេះ ក្នុងមួយក្លូបផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជាង ១០តោន”។ ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ក្នុងទំហំ ១៥០០ម៉ែត្រ ស្មើនឹង ១៥០ហិកតា គឺត្រូវបានអនុវត្តឡើងតាំងពីចុងខែតុលា ឆ្នាំ២០២០ និងបន្តរុករកទៀត រហូតដល់ខែឧសភា ឆ្នាំ២០២១ ដែលមានរយៈពេល៤ខែមកហើយ។ប្រសិនបើគ្មានឧបសគ្គអ្វីមករារាំងនោះទេ បេសកកម្មរុករក និងស្តារនាវានេះនឹងគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២