មីយ៉ាន់ម៉ា៖ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ក្រុមបាតុករបានដើរក្បួននៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការបង្ក្រាបដ៏សាហាវមួយ របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យមុន ដែលជាការប្រើអំពើហិង្សាដ៏អាក្រក់បំផុតចាប់តាំងពីរដ្ឋប្រហារយោធាបានចាប់ផ្តើមកាលពីដើមខែកុម្ភះ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកដៃដើម្បីបំបែកក្រុមបាតុកររាប់រយនាក់នៅក្នុងទីក្រុងយ៉ាំងហ្គោន។ ក្រោយមកពួកគេបានបាញ់គ្នានៅតាមចិញ្ចើមផ្លូវដោយបាញ់កាំភ្លើងជ័រ និងបណ្តាឲ្យមនុស្សរាប់រយបានរងរបួស។
ក្រុមបាតុករក៏បានដើរក្បួននៅទីក្រុងជាច្រើននៃប្រទេសមីយ៉ាន់ម៉ាដោយកាន់នូវរូបភាពនៃមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញគឺលោកស្រីអ៊ុងសាន ស៊ូជី ដើម្បីប្រឆាំងនឹងការបង្ក្រាបដ៏សាហាវមួយ របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាកាលពីអាទិត្យមុន។ មេដឹកនាំបាតុកម្មលេចធ្លោលោក Ei Thinzar Maung បានបង្ហោះលើហ្វេសប៊ុករបស់ខ្លួនថា “វាមានរយៈពេលមួយខែចាប់តាំងពីរដ្ឋប្រហារ… ពួកគេបានបង្ក្រាបយើងដោយការបាញ់ប្រហារដ៏សាហាវកាលពីម្សិលមិញ….យើងនឹងបន្តធ្វើនៅថ្ងៃនេះម្តងទៀត” ។
បើយោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៨នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ខណៈការប៉ះទង្គិចគ្នាបានកើតឡើងនៅតាមតំបន់ផ្សេងៗគ្នានៅទូទាំងប្រទេស។ ប៉ូលីសបានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សនៅក្នុងទីក្រុងយ៉ាំងហ្គោន បន្ទាប់ពីការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងការព្រមានមិនបានជោគជ័យក្នុងការបោសសំអាតក្រុមបាតុករដែលកំពុងទាមទារអោយមានការស្តារឡើងវិញនូវរដ្ឋាភិបាលរបស់លោកស្រីអ៊ុងសានស៊ូជី។
សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីកងទ័ពបានដណ្តើមអំណាច និងបានឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកជាន់ខ្ពស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) កាលពីថ្ងៃទី ១ ខែកុម្ភៈដោយចោទប្រកាន់ពីបទក្លែងបន្លំនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាដែលគណបក្សរបស់លោកស្រីបានឈ្នះរហូតដល់៨៥%៕








