(ញូយ៉ក)៖ នៅថ្ងៃអង្គារសប្ដាហ៍នេះប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាឱ្យផ្តល់អាទិភាពការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់គ្រូបង្រៀន និងមនុស្សពេញវ័យដើម្បីធានាថាសាលារៀននិងបើកដំណើរការវិញបានយ៉ាងឆាប់រហ័ស និងប្រកបដោយសុវត្ថិភាពហើយបានអំពាវនាវឱ្យមន្ត្រីអប់រំទាំងអស់ត្រូវវទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់មួយដងនៅចុងខែមីនា។
កំឡុងការប្រកាសពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក Merck ដែលនឹងជួយផលិតវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson។ លោក Joe Biden បានថ្លែងនាឱកាសនោះថា៖ នេះគឺជាកិច្ចសហប្រតិបត្តិការរវាងបណ្ដាក្រុមហ៊ុន ដែលយើងធ្លាប់បានឃើញរួចហើយនៅក្នុងសម័យសង្រ្គាមលោកលើទី២…ហើយយើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់មន្ត្រីអប់រំនិងមនុស្សពេញវ័យទាំងអស់ នៅត្រឹមចុងខែមិនាខាងមុខនេះ។សហរដ្ឋអាមេរិក នឹងផ្ដល់ប្រាក់១០៥លានដុល្លារជាជំហានដំបូងដល់ក្រុមហ៊ុន Merck ក្នុងការផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson ដែលបានក្លាយជាវ៉ាក់សាំងកូវីដ១៩ ទី៣ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ហើយវ៉ាក់សាំងនេះតម្រូវឱ្យចាក់តែមួយដូសប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោក Joe Biden មានសុទិដ្ឋិនិយមខ្ពស់ចំពោះការឈានដល់គោលដៅរបស់លោកក្នុងការផ្តល់នូវវ៉ាក់សាំងការពារកូវីដ១៩ជូនដល់ពលរដ្ឋអាមេរិកក្នុងរយៈពេល១០០ថ្ងៃដំបូងក្នុងតំណែងជាប្រធានាធិបតី ប៉ុន្តែលោកក៏បានជំរុញឱ្យជនជាតិអាមេរិកទាំងអស់ត្រូវប្រុងប្រយ័ត្ន ក្នុងការពាក់ម៉ាសការពារ និងត្រូវរក្សាគម្លាតសុវត្ថិភាពសង្គមផងដែរ។ គិតត្រឹមថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ១៩សរុប ២៩,៣៧០,៧០៥នាក់ ជាសះស្បើយ ១៩,៩០៥,៣២២នាក់ និងស្លាប់ចំនួន៥២៩,២១៤នាក់៕





