ភ្នំពេញ ៖ សមត្ថកិច្ច និងមន្ត្រីជំនាញអន្តរក្រសួង ចុះឆែកឆេរ និងបិទទីតាំងឈប់ឲ្យធ្វើអាជីវកម្ម កែភេទទ្រង់ទ្រាយធំចំនួន២កន្លែងខុសច្បាប់ នៅក្នុងរាជធានីជ្រកក្រោមការកែសម្ផស្ស។ ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣ មីនា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ លោក មុត តារា ព្រះរាជអាជ្ញារាជធានីភ្នំពេញនិង អាជ្ញាធរមូលដ្ឋានផងដែរ។
សមត្ថកិច្ចបានអោយដឹងថា ទីតាំងទាំងពីរនោះមានឈ្មោះ GANGNAM BEAUTY & CLINIC ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងមួយកន្លែងទៀត មានឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដុកទ័រ កាង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានឲ្យដឹងថា ការចុះឆែកឆេរនៅទីតាំងលួចកែភេទនេះ គឺបានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញធ្វើការស៊ើបអង្កេតឃើញថា ម្ចាស់ទីតាំងកែភេទនេះ បានលួចនាំឱសថខុសច្បាប់ជាច្រើនមកពីក្រៅប្រទេស ហើយបានលួចកែភេទបុរសទៅស្ត្រី ពីស្ត្រីទៅបុរសដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈការកែភេទនេះ គឺមានលក្ខណៈទ្រង់ទ្រាយធំផងដែរនោះ។
លោកទិត សួស្តី អនុប្រធានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរ រហូតដល់បិទនូវទីតាំង កែភេទ នេះគឺមន្ត្រីបានរកឃើញ ឱសថ ជាច្រើន ម៉ាក ដែល ខុសច្បាប់ និង គ្មាន ការអនុញ្ញាត ពី ក្រសួងសុខាភិបាល សម្ភារៈ វះកាត់ រួម ទាំង លិង្គ បុរស ដែល បាន កាត់ ដើម្បី ប្តូរ ភេទ ទៅជា ស្ត្រី មួយ ចំនួន ផង ដែរ ខណៈ សម្ភារៈ ដែល រឹបអូស បាន នេះ នឹង បញ្ជូន ទៅកាន់ តុល ការ រាជធានី ភ្នំពេញ ចាត់ការបន្ត៕


