ក្រុមអ្នកតវ៉ាមីយ៉ាន់ម៉ាអាចចាកចេញពីសង្កាត់Yangonវិញហើយបន្ទាប់ពីកងកម្លាំងសន្តិសុខឡោមពន័្ធពេញមួយយប់

មីយ៉ាន់ម៉ា៖ ក្រុមសកម្មជនមីយ៉ាន់ម៉ាបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមអ្នកតវ៉ាវ័យក្មេងរាប់រយនាក់ដែលត្រូវបានឡោមពន័្ធដោយក្រុមសន្តិសុខនៅក្នុងសង្កាត់មួយនៃទីក្រុងYangonនៅយប់ថ្ងៃចន្ទត្រូវបានដោះលែងវិញហើយ បន្ទាប់ពីមានការអំពាវនាវពីមហាអំណាចលោកខាងលិចនិងអង្គការសហប្រជាជាតិ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៩ ខែមិនា ឆ្នាំ២០២១។

មនុស្សរាប់ពាន់នាក់បានប្រឆាំងនឹងបម្រាមគោចរនៅពេលយប់ដោយនាំគ្នាប្រមូលផ្តុំតវ៉ាតាមផ្លូវនានាក្នុងទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ាដើម្បីគាំទ្រដល់យុវជននៅស្រុក San chaung ដែលពួកគេបានធ្វើការតវ៉ារាល់ថ្ងៃប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ។

សកម្មជនឈ្មោះ Shar Ya Mone បាននិយាយថាលោកបានជាប់នៅក្នុងអាគារមួយដែលមានមនុស្សប្រហែលជា ១៥ ទៅ ២០ នាក់ ប៉ុន្តែឥឡូវនេះលោកអាចទៅផ្ទះបានហើយ។បាតុករម្នាក់ទៀតបានបង្ហោះលើបណ្តាញសង្គមថាពួកគេអាចចាកចេញពីតំបន់នោះនៅម៉ោងប្រហែល ៥ ព្រឹកបន្ទាប់ពីកម្លាំងសន្តិសុខបានដកខ្លួនចេញ។

ក្រុមសិទិ្ធតស៊ូមតិបាននិយាយថាមនុស្សប្រហែល ៥០ នាក់ត្រូវបានចាប់ខ្លួននៅសង្កាត់San chaung បន្ទាប់ពីប៉ូលីសចុះត្រួតពិនិត្យ ខណៈអ្នកតវ៉ា ៣នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងបាតុកម្មនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។

ចក្រភពអង់ គ្លេសសហរដ្ឋអាមេរិក សហគមន៍អ៊ឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចមួយចំនួនទៀតបានដាក់ទណ្ឌកម្មបន្ថែមទៀតលើរបបយោធាមីយ៉ាន់ម់ា និងបានអំពាវនាវឲ្យយោធាមានការអត់ធ្មត់ និងដោះលែងអ្នកតវ៉ាទាំងអស់ដោយសុវត្ថិភាព។

សូមជម្រាបថា បាតុកម្មត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃអស់រយៈពេលជាងមួយខែមកហើយដើម្បីទាមទារឱ្យមានការដោះលែងលោកស្រីអ៊ុងសាន ស៊ូជី​ និងគោរពការបោះឆ្នោតដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីបានឈ្នះកាលពីខែវិច្ឆិកា។ រហូតមកដល់ពេលនេះកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់ក្រុមបាតុករជាង ៦០ នាក់និងមនុស្សជាង ១.៨០០ នាក់ ផ្សេងទៀតត្រូវបានឃុំខ្លួន ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២