ខេត្តបាត់ដំបង ៖ សង្ស័យតែទប់កំហឹងជាមួយឪពុកក្មេក លែងបាន ទើបអតីតកូនប្រសារ លបចូលទៅដុតផ្ទះ ឪពុកក្មេក ឆេះខ្ទេចគ្មានសល់ សរុបជាទឹកប្រាក់ អស់ប្រមាណជាង ៥០.០០០ដុល្លារ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចអង្គាំផ្អែម ស្ថិតក្នុងក្រុមទី៩ ភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនសង្ស័យឈ្មោះ ឃឹម ខា អាយុ២៥ឆ្នាំ មានទីលំនៅភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាអតីតកូនប្រសាររបស់ម្ចាស់ផ្ទះ ចំណែកជនរងគ្រោះឈ្មោះ អឿន ឃឿន អាយុ៤៧ឆ្នាំ មានទីលំនៅភូមិ ទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាលឲ្យឆេះខ្ទេចទាំងស្រុង។
សមត្ថកិច្ចបន្តថា សម្ភារៈខូចខាតរួមមាន ៖ ១.ផ្ទះទំហំ១២ម៉ែត្រ គុណ១៣ម៉ែត្រ ធ្វើអំពីឈើ ប្រកសង្ក័សី ២.រថយន្ត ម៉ាកកាមរីចំនួន១គ្រឿង ៣.រ៉ឺមកកង់បី១គ្រឿង ៤.ម៉ាស៊ីកិនស្រូវ១គ្រឿង ៥.សម្ភារៈចៅមហាមួយឈុត ៦.លុយចំនួន១០លានរៀល និង៧. មាសមួយចំនួន ។ សរុបការខូចខាតរួមប្រមាណជាង ៥០.០០០ ដុល្លារ។ ក្រោយពេលកើតហេតុ ជនបង្កដែលជាអតីតកូនប្រសាត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចាប់ខ្លួនបានហើយ ដើម្បីបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់៕


