ក្នុង១ថ្ងៃៗ ពលករខ្មែរជាង១ពាន់នាក់ សម្រុកចេញពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យ

ព្រំដែន ៖ ក្នុង១ថ្ងៃៗតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ ពលករខ្មែរប្រមាណជាង១ពាន់នាក់ បានសម្រុកចេញពីប្រទេសថៃ ដោយសារតែ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពីណីជាតិ ក៏នឹងឈានចូលមកដល់ នៅពេលខាងមុខផងដែរ។

អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក លី សារី បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ចំនួនពលករខ្មែរត្រឡប់មកពីប្រទេសថៃ មានការកើនឡើងច្រើន ខុសពីប្រក្រតីដោយគ្រាន់តែច្រកទ្វារ ខេត្តបន្ទាយមានជ័យមួយប៉ុណ្ណោះ មានពលករខ្មែរប្រមាណពី ៥០០ ទៅ៧០០នាក់ ក្នុងមួយថ្ងៃៗ សម្រុកមកពីប្រទេសថៃ។

លោកបន្តថា ការដែលពលករសម្រុកត្រឡប់មកស្រុកវិញយ៉ាងគំហុកដូច្នេះ គឺដោយសារតែនៅថៃត្រូវសម្រាកត្រៀមបុណ្យចូលឆ្នាំថ្មីដែលធ្វើឲ្យរោងចក្រ សហគ្រាសនៅថៃត្រូវឈប់សម្រាករយៈពេលយូរ ទើបធ្វើឲ្យពលករខ្មែរគ្មានការងារធ្វើហើយម្យ៉ាងទៀតគាប់ជួនគ្នានឹងជិតដល់ពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។

ចំណែក លោក ឌី រ៉ាដូ អភិបាលរង និង អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានអោយដឹងដែរថា រីឯខេត្តឧត្តរមានជ័យក៏មានពលករខ្មែរប្រមាណពី៣០០ទៅ៤០០នាក់ក្នុង១ថ្ងៃៗ បានចេញពីប្រទេសថៃឆ្លងកាត់តាមច្រកព្រំដែនអូរស្មាច់ខណៈកាលពីមុនមានត្រឹមតែជាង១០០នាក់ប៉ុណ្ណោះ។

ងាកមកហើយនៅខេត្តបាត់ដំបងវិញ មួយរយៈចុងក្រោយនេះ មានពលករខ្មែរចេញមកពីប្រទេសថៃតាមច្រកព្រំដែនខេត្តបាត់ដំបងបែរជាមានចំនួនតិចជាងមុនទៅវិញ គឺមានប្រមាណតែ២០ទៅ៣០នាក់ប៉ុណ្ណោះ ខណៈកាលពីមុនមានរហូតដល់ខ្ទង់រយនាក់ឯណោះ។ នេះបើតាមកការអោយដឹងពី លោក សៀម ប៊ុនរឹទ្ធិ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង។

លោកអភិបាលរងខេត្ត បន្ថែមថា ការថយចុះចំនួនពលករតាមច្រកព្រំដែនខេត្តបាត់ដំបងនេះ ដោយសាររដ្ឋបាលខេត្តបានសហការជាមួយអាជ្ញាធរថៃ ក្នុងការទប់ស្កាត់មេខ្យល់ ដែលតាំងតែនាំពលករខ្មែរឆ្លងដែនដោយខុសច្បាប់បានទាន់ពេលវេលា។

ពលករដែលឆ្លងកាត់តាមព្រំដែនចូលមកកម្ពុជាត្រូវបានក្រុមការងារចម្រុះដែលរួមមានតំណាងក្រសួងសុខាភិបាលអាជ្ញាធរពាក់ព័ន្ធត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២