សមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនជនជាតិចិន៥នាក់ លួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា បញ្ជូនទៅធ្វើចត្តាឡីស័ក

ខេត្តតាកែវ ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនជនជាតិចិន០៥នាក់ និងអ្នករត់ម៉ូតូឌុប ជនជាតិខ្មែរ ចំនួន០២នាក់ ដែលកំពុងលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ស្ថិតនៅភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ បានឲ្យដឹងថា ជនជាតិចិនទាំង០៥នាក់ ដែលត្រូវបានឃាត់ខ្លួន ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធ បានបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ។

ប្រតិបត្តិការនេះធ្វើឡើង ដោយកម្លាំងផ្នែកសឹករងបូរីជលសារ សហការជាមួយអធិការនគរបាលស្រុកបូរីជលសារ ចេញល្បាតតាមព្រំដែន និងបានឃាត់ខ្លួនជនជាតិចិនចំនួន០៥នាក់ និងអ្នករត់ម៉ូតូឌុបចំនួន០២នាក់ ដែលបានលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនស្រុកបូរីជលសារ។

នៅដើមខែមីនានេះ មានជនជាតិចិន២០នាក់ហើយ ដែលសមត្ថកិច្ចបានឃាត់ខ្លួន និងកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរពាក់ព័ន្ធ លើលទ្ធផលតេស្ដវិជ្ជមានឬអវិជ្ជមានជំងឺកូវីដ១៩នោះនៅឡើយទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២