សមត្ថកិច្ច ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនមេខ្យល់២នាក់ ដែលព្រហើនលួចនាំពលករខ្មែរ១៤នាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ ៖ នគរបាលជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២១ បានកសាងសំណុំរឿងបញ្ជូនទៅឃុំនូវមេខ្យល់២នាក់ ដែលព្រហើនលួចនាំពលករខ្មែរ១៤នាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ ម្ចាស់ផ្ទះសំណាក់ដែលសមគំនិត ក៏ត្រូវសមត្ថកិច្ច ឃុំខ្លួនផងដែរ។

យោងលោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ជនសង្ស័យជាមេខ្សល់ទាំង២នាក់នោះ ១/ ឈ្មោះ ចក់ វី ហៅ ០៩ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យជាមេខ្លោងចុងទី។ ២/ឈ្មោះ យ៉ាត ប៊ុននី ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិត្រពាំងជរ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ជាមេខ្យល់ដើមទី។ ២នាក់នេះ បាននាំពលករចំនួន១៤នាក់/ស្រី៩នាក់ យកមកលាក់ខ្លួននៅក្នុងផ្ទះសំណាក់មីុមីុស្ថិតនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

ចំណែកឈ្មោះអោម ចាន់រ៉ា ភេទប្រុសអាយុ៦៣ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់ ម៉ី ម៉ី មិនសហការជាមួយសមត្ថកិច្ច បែរជាបានផ្តល់ទីតាំងឲ្យមេខ្សល់លាក់ពលករ ឬក៏ឆ្លើយដោះសារថា មិនបានដឹកថានរណាជាពលករទេ ព្រោះមានភ្ញៀវចូលមកគេងក្នុងផ្ទះសំណាក់តែដូច្នេះ ។

សូមរំលឹកថា លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានដឹកនាំមន្ត្រីជំនាញ សហការនឹងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះស្រាវជ្រាវបង្ក្រាបករណីនាំមនុស្សឆ្លងដែនខុសច្បាប់នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ នៅវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឈានដលធ្វើការឃាត់ខ្លួនមេខ្យល់២នាក់លួចនាំពលករចំនួន១៤នាក់/ ស្រី៩នាក់ ដែលឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យជាមេខ្សល់ទាំង២នាក់និងម្ចាស់ផ្ទះសំណាក់១នាក់ ក្រោយសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុក ម៉ាឡៃ ក៏ត្រូវបញ្ជូនមកការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ឯការិយាល័យនេះអោយដឹងថ្ងៃទី១៧ខែមីនាថា ៖ សំណុំរឿងនេះ ត្រូវបានកសាសងពញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីហើយ។ ដោយឡែកពលករទាំង១៤នាក់ ក៏បាននឹងកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសិនដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២