សមត្ថកិច្ច ឃាត់ខ្លួន ម្ចាស់គណនីហ្វេសប៊ុកមួយរូប ពាក់ព័ន្ធករណី បង្ហោះព័ត៌មានមិនពិត ពាក់ព័ន្ធជំងឺកូវីដ ១៩

ខេត្តបន្ទាយមានជ័យ ៖ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះប៉ោសេង ថតរូប ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនមកសួរនាំពីបំណងបង្ហោះ រូបភាពពាក់ព័ន្ធជំងឺកូវីដ១៩ ធ្វើសន្យាអប់រំណែនាំ កុំអោយ បង្ហោះព័ត៌មានមិនពិត ពាក់ព័ន្ធជំងឺកូវីដ ១៩។ ការឃាត់ខ្លួនមកអប់រំ ណែនាំ នោះធ្វើឡើងកាលពីល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត។

ដោយមានការចង្អុលបង្ហាញ និងណែនាំពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជា លោកឧត្តមសេនីយ៏ស្នងការរងផែនសន្តិសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៌ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាការិយាល័យជំនាញ សហការជាមួយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ លើគណនីហ្វេសបុកឈ្មោះ ប៉ោ សេង ថតរូប ដែលបានបង្ហោះព័ត៌មានរសើបឬអាចថាព័ត៌មានមិនពិតពាក់ព័ន្ធកូវីដ-19 ដែលមានខ្លឹមសារថា ៖ ” នៅភូមិដុងអារ័ញ្ញ សូមបងប្អូនប្រុងប្រយ័ត្ននិងការពារទាំងអស់គ្នា ” ដោយមានភ្ជាប់ជាមួយនៅរូបភាពរបស់ក្រុមគ្រូពេទ្យ និងឡានពេទ្យទៀតផង ។

សមត្ថកិច្ចបានពន្យល់ថា ទង្វើនេះបានបង្កឲ្យមានភាពចលាចល និងអសន្តិសុខ ដល់សង្គមជាតិ។

ក្រោយពីការិយាល័យជំនាញធ្វើការស្រាវ ជាលទ្ធផលឃើញថា ម្ចាស់គណនីខាងលើមានឈ្មោះ វ៉ា ប៉ោសេង ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឃាត់ខ្លួនហើយបញ្ជូនមកស្នងការដ្ឋានដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពនេះតទៅទៀត ហើយនៅថ្ងៃទី១៨ ខែមិនា នេះ សមត្ថកិច្ចក៏បានអនុញ្ញាតិ អោយបុរសរូបនេះត្រឡប់ទៅផ្ទះវិញផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២