យករថយន្ត សាម៉ុយ លួចដឹកមនុស្ស ក្នុងតំលៃ៦០០ដុល្លារ ពីភ្នំពេញ ទៅខេត្តរតនៈគីរី ត្រូវសមត្ថកិច្ច ឃាត់ខ្លួន០២នាក់

ខេត្តរតនគិរី ៖ ពិតជាហ៊ានមែន ដោយសារលុយចំនួន៦០០ដុល្លារ បុរស២នាក់ បានយករថយន្ត សាម៉ុយ លួចដឹកមនុស្ស ២នាក់ ចេញពីភ្នំពេញ ឆ្ពោះ ទៅខេត្តរតនៈគីរី ប៉ុន្តែ ត្រូវបានកម្លាំងក្រុម ការងារទប់ស្កាត់ជំងឺកូវីដ-១៩ នៅចំណុចស្ពានស្រែពក ជាប់ព្រំប្រទល់ ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ បានឃាត់ខ្លួន។

រថយន្តសាមុយ ដែលសមត្ថកិច្ចឃាត់បាន ពាក់ស្លាកលេខ ភ្នំពេញ 2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬ ពេទ្យលោកសង្ឃ នៅភ្នំពេញ ក្នុងនោះឃាត់ខ្លួនមនុស្ស៤នាក់ រួមមាន ៖

1- ឈ្មោះ បៀន ពក ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ។ 2- ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។ ហើយអ្នកទាំង០២នាក់ជាកម្មករមិនមែនជាបុគ្គលិករដ្ឋនៅក្នុងពេទ្យលោកសង្ឃនោះឡើយ។

3- ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ និង ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដូចអ្នកទី3។

យោងតាមរបាយការណ៍បានអោយដឹងទៀតថា រថយន្តសាមុយនេះជាកម្មសិទ្ធឯកជនរបស់ស៊ីឈ្នួលដឹក មនុស្ស២នាក់ ក្នុងតម្លៃ ៦០០ដុល្លារ ពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរក្រុងបានលុងឃាត់ឲ្យត្រលប់មកកាន់អាជ្ញាធរស្រុកកូនមុំវិញដើម្បីចាត់ការបន្ត។

សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះដោយបញ្ជាក់ថា រថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រសួងអនុញ្ញាតអោយដឹកជញ្ជូនតែអ្នកជំងឺ និងអ្នករបួសទៅកាន់មន្ទីរពេទ្យ ឬឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលប៉ុណ្ណោះ។ ហើយមិនអនុញ្ញាតអោយរថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនដែលជាអ្នកដំណើរជាដាច់ខាត បើពុំនោះ ក្រសួងនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២