អន្តរជាតិ៖ សាធារណរដ្ឋឆែកកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអំពាវនាវដល់សហភាពអឺរ៉ុបនិងបណ្តាប្រទេសសមាជិកអង្គការណាតូឱ្យមានសមូហភាពបណ្តេញអ្នកការទូតរុស្ស៊ីចេញពីប្រទេសរបស់ខ្លួន ដោយចោទប្រកាន់ទីក្រុងម៉ូស្គូថាបានរៀបចំការវាយប្រហារភេរវកម្មមកលើទឹកដីឆែក។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានា Aljazeera នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។
រដ្ឋមន្រ្តីក្រសួងការបរទេសនិងមហាផ្ទៃឆែកលោក Jan Hamacek បាននិយាយថាលោកនឹងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីនៅថ្ងៃពុធនេះ ដើម្បីបង្ហាញជំហានបន្ថែមទៀតបន្ទាប់ពីការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១៨ នាក់ ជាការសងសឹកនិងការបណ្តេញមន្ត្រីការទូតឆែក ២០ នាក់ពីទីក្រុងម៉ូស្គូល។ លោក Hamacek បានប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងអំពាវនាវឱ្យមានសកម្មភាពសមូហភាពរបស់សហភាពអឺរ៉ុបនិងបណ្តាប្រទេសជាសមាជិកណាតូដែលមានគោលបំណងបណ្តេញមន្ត្រីការទូតរុស្ស៊ី” ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីក្រុងPragueបានចោទប្រកាន់រុស្ស៊ីពីបទរៀបចំការវាយប្រហារភេរវកម្មសម្ងាត់ដើម្បីបំផ្ទុះឃ្លាំងគ្រាប់អាវុធចំនួន២ ដ៏សាហាវនៅលើទឹកដីឆែកកាលពីឆ្នាំ២០១៤ ។
នាយករដ្ឋមន្រ្តីឆែក Andrej Babis បាននិយាយថាឧប្បត្តិហេតុដែលបានសម្លាប់មនុស្សពីរនាក់គឺជា “ការវាយប្រហារភេរវកម្មដែលមិនធ្លាប់មានពីមុនមកលើទឹកដីរបស់យើងដែលមិនអាចទទួលយកបាន” ។
គួរជម្រាបថា យោងតាមរបាយការណ៍ចារកម្មរដ្ឋាភិបាលឆែកបាននិយាយថាភ្នាក់ងារសម្ងាត់យោធារបស់រុស្ស៊ីឈ្មោះ GRU បានរៀបចំការផ្ទុះពីរដងក្នុងឆ្នាំ ២០១៤ ដែលបានសម្លាប់មនុស្ស ២ នាក់និងបង្កការខូចខាតសម្ភារៈយ៉ាងច្រើន។ រដ្ឋាភិបាលឆែកក៏បានសម្រេចចិត្ត លុបចោលកម្មវិធីថាមពលបរមាណូរបស់រុស្ស៊ីឈ្មោះរ៉ូតាតូមចេញពីការដេញថ្លៃដើម្បីសាងសង់អង្គភាពថ្មីមួយនៅឯរោងចក្រនុយក្លេអ៊ែរឆេក នឹងឈប់ពិចារណាលើការទិញវ៉ាក់សាំង Sputnik V ផលិតដោយរុស្ស៊ីប្រឆាំងនឹង Covid-19ផងដែរ៕
