អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៖ មនុស្សចំនួន២៥៧នាក់ ល្មើសបម្រាមបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ បានបញ្ជូនទៅកាន់តុលាការ ធ្វើការអប់រំណែនាំ ធ្វើការផាកពិន័យអន្តរការ

ភ្នំពេញ ៖ គឺចាប់ពីថ្ងៃទី១៥ មេសា រហូតមកដក់ត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុគ្គល ដែលល្មើសទៅនឹងការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ចំនួនជាង ២៥៧នាក់ ដោយក្នុងនោះ បានបញ្ជូនទៅកាន់តុលាការ ធ្វើការអប់រំណែនាំ ធ្វើការផាកពិន័យអន្តរការ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២៥៧នាក់ ដោយក្នុងនោះតុលាការបានចេញដីកាឃុំខ្លួនចំនួន ៧នាក់ , បញ្ជូនទៅតុលាការចំនួន ៥នាក់ , សាកសួរនៅអធិការដ្ឋាននគរបាលចំនួន ៦នាក់ , បានធ្វើការអប់រំណែនាំនិងដោះលែងចំនួន ១១នាក់ និងពិន័យអន្តរការណ៍ចំនួន ២២៨។ ក្នុងចំណោមនោះ ក៏មានមន្ត្រីនគរបាលផ្កាយពីរម្នាក់ មន្ត្រីយោធា រួមទទាំងប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរនិងការបិទរមណីដ្ឋានទេសចរណ៍ទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយអនុក្រឹត្យលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេស ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥១ សសរ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានាដែលត្រូវបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងសេចក្តីសម្រេចនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការ បិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្ដោះអាសន្នសម្រាប់ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ ផ្សេងទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២