អន្តរជាតិ៖ សហគមន៍អឺរ៉ុប កំពុងស្វះស្វែងបញ្ជូនគ្រឿងបរិក្ខាពេទ្យ អុកស៊ីសែន និងឱសថទៅកាន់ប្រទេសឥណ្ឌា ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារ កូវីដ-១៩បន្ទាប់ពីទទួលបានការស្នើសុំជំនួយពីទីក្រុងញូវដេលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។
ចំនួនករណីឆ្លងនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ៣៤៩.៦៩១ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលជាថ្ងៃទី ៤ នៃកំណត់ត្រាខ្ពស់បំផុតក្នុងពិភពលោក។ មន្ទីរពេទ្យនៅទីក្រុងដេលីនិងនៅទូទាំងប្រទេសកំពុងបង្វែរអ្នកជំងឺចេញបន្ទាប់ពីអស់អុកស៊ីសែន និងគ្រែពេទ្យ។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានសរសេរនៅលើបណ្តាញសង្គម Twitter នៅថ្ងៃអាទិត្យនេះថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានការណ៍ជំងឺរាតត្បាតនៅក្នុងប្រទេសឥណ្ឌា…. យើងបានត្រៀមខ្លួនដើម្បីសម្របសម្រួលជាមួយបណ្តាប្រទេសអ៊ឺរ៉ុប ដើម្បីត្រៀមផ្តល់ជំនួយអុកស៊ីសែន និងឱសថជាបន្ទាន់។
សូមជម្រាបថា នាយករដ្ឋមន្រ្តីឥណ្ឌាបានជំរុញឱ្យពលរដ្ឋទាំងអស់ត្រូវចាក់វ៉ាក់សាំង និងអនុវត្តការវិធានការការពារឲ្យបានតឹងរឹងបន្ថែមទៀត ខណៈព្យុះនៃការឆ្លងកូវីដ១៩បានធ្វើឱ្យ ប្រទេសឥណ្ឌា បានបង្កើតកំណត់ត្រាពិភពលោកថ្មីនៃចំនួនអ្នកឆ្លងច្រើនជាងគេបំផុតក្នុងមួយថ្ងៃ រយៈពេលថ្ងៃទី៤ជាប់ៗគ្នា និងមានចំនួនអ្នកស្លាប់ជាងមធ្យមជាង ២,០០០នាក់ក្នុងមួយថ្ងៃ៕