អន្តរជាតិ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ កងនាវាចររបស់ប្រទេសរុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករបស់ខ្លួន បន្ទាប់ពីនាវាឆ្មាំសមុទ្ររបស់អាមេរិកបានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ដែនសមុទ្រខ្មៅ ដែលធ្វើឱ្យស្ថានការកាន់តែតានតឹងឡើងរវាងរុស្ស៊ី និងប្រទេសលោកខាងលិច។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី បានបញ្ជានាវាចម្បាំងរបស់ខ្លួនឈ្មោះ Moskva ឱ្យធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាមួយនាវា និងឧទ្ធម្ភាគចក្រយោធាដទៃទៀត។ សេចក្តីប្រកាសរបស់កងនាវាបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកងនាវាចរអាមេរិក បាននិយាយថា នាវា Hamilton ដែលជានាវាឆ្មាំឆ្នេរសមុទ្រអាមេរិកកំពុងធ្វើដំណើរចូលសមុទ្រខ្មៅដើម្បីធ្វើការជាមួយសម្ព័ន្ធមិត្តណាតូ និងដៃគូនៅក្នុងតំបន់។
ក្រសួងការពារជាតិរុស្ស៊ីបានសេចក្តីថ្លែងការណ៍ថា“ សកម្មភាពរបស់សហរដ្ឋអាមេរិកនិងអង្គការណាតូនៅក្នុងតំបន់អឺរ៉ុបពេលនេះ គឺដើម្បីបង្កើនការត្រៀមកងទ័ពប្រយុទ្ធ និងពង្រឹងវត្តមានរបស់ពួកគេ ដើម្បីរួមចំណែកការឈ្លានពានគេតែប៉ុណ្ណោះ” ។
ថ្មីៗនេះទីក្រុងមូស្គូបានប្រកាសអាសន្នដល់ក្រុងគីវ និងប្រទេសលោកខាងលិចដោយបានបង្កើនកម្លាំងរបស់ខ្លួនជាង ១០០,០០០នាក់នៅតាមព្រំដែនអ៊ុយក្រែនឡើងវិញ ទោះបីជាកាលពីសប្តាហ៍មុនខ្លួនបានបញ្ជាឱ្យដកកងទ័ពមួយចំនួនក៏ដោយ។
សូមជម្រាបផងដែរថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីកក្រុងគីវមានសភាពគួរឱ្យព្រួយបារម្ភចាប់តាំងពីអង្គការសហប្រជាជាតិបញ្ចូលតំបន់គ្រីមៀ(Crimean)ជារបស់អ៊ុយក្រែនក្នុងឆ្នាំ២០១៤ ខណៈដែលរុស្ស៊ីកំពុងគាំទ្រក្រុមបំបែកខ្លួននិយមដែលកំពុងប្រយុទ្ធនៅតំបន់ព្រំដែនភាគខាងកើតប្រទេសអ៊ុយក្រែន៕




