បន្ទាយមានជ័យ ៖ អ្នកភូមិ ចេញពីឆ្លុះកង្កែប ហើយបណ្តើរម៉ូតូអស់សាំង តាមផ្លូវ ត្រូវរថយន្តបុកស្លាប់២នាក់ នៅជាយតំបន់ក្រហម (តំបន់បិទខ្ទប់) ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ហេតុការណ៍វេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ថានីយ៏ថ្លឹងរថយន្តកូនដំរី ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានឲ្យដឹងថ្ងៃទី៣០ ខែមេសាថា ជនរងគ្រោះដែលស្លាប់ ៖១/ ឈ្មោះ អៀង ម៉េងលី ភេទប្រុសអាយុ២៧ឆ្នាំមុខរបរ ធ្វើស្រែជាអ្នកបណ្តើរម៉ូតូ និង២/ ឈ្មោះ អាង ធឿន ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរ ធ្វើស្រែ ជាអ្នកដើរពីក្រោយជួយរុញម៉ូតូ។ ទាំង២នាក់ រស់នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាលចរាចរណ៍ឲ្យដឹងបន្តថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នាចំនួន៣នាក់ បានជិៈម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៏ក្រហម ពុំមានផ្លាកលេខ ទៅឆ្លុះកង្កែប ។
លុះពេលនាំគ្នាត្រឡប់មកផ្ទះវិញជិៈមកដល់លើផ្លូវជាតិ ម៉ូតូអស់សាំង ក្នុងនោះមាន១នាក់បានដើរទៅរកទិញសាំង។
ជនរងគ្រោះ២នាក់ជាអ្នកបណ្តើរនិង១នាក់ជាអ្នករុញពីក្រោយពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុមានរថយន្ត១គ្រឿងម៉ាកតូយូតាស៊ីណា ពណ៏ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2T-2327 បើកពីលិចទៅកើត។
លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែបានរេចង្កូតទៅបុកមនុស្ស២នាក់កំពុងដើរបណ្តើរម៉ូតូនិងរុញពីក្រោយប៉ើងខ្ទាតធ្លាក់ពីថ្នល់ទាំងមនុស្សនិងម៉ូតូបណ្តាលឲ្យស្លាប់ទាំង២នាក់មិនអាចយកទៅមន្ទីរពេទ្យបាន។
ក្រោយពីកើតហេតុហើយអ្នកបើករថយន្តបុកមនុស្សស្លាប់បានដោះស្លាកលេខរថយន្តចេញរត់គេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ចសង្ស័យអ្នកបើករថយន្ត ងងុយដេក៕


