រន្ទះបាញ់ បុរសម្នាក់ស្លាប់ ផ្ទះ៥ខ្នង នៅឃុំបន្ទាយឆ្មារ រងការខូតខាត ដោយសារកន្ត្រាក់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ និង ផ្ទះ ចំនួន៥ខ្នងទៀត រងការខូចខាត ដោយខ្យល់កន្ត្រាក់ នៅឃុំបន្ទាយឆ្មារ កាលពីម៉ោង៤ល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

លោកហេង សុភ័ក្ត្រ មេឃុំបន្ទាយឆ្មារប្រាប់ថ្ងៃទី១៦ខែឧសភាថា៖ ខ្យល់កន្ត្រាកក្នុងពេលមានភ្លៀងធ្លាក់នោះ កើតឡើងនៅភូមិបន្ទាយឆ្មារជើងឃុំបន្ទាយឆ្មារ បង្កអោយខូចខាតផ្ទះ៥ខ្នង ក្នុងនោះផ្ទះប្រក់ស័ង្កសី៣ខ្នង អស់ស័ង្កសីប្រវែង៣,៦០ប្រហែល១៦០សន្លឹក។ ផ្ទះប្រក់ក្បឿង២ខ្នង អស់ក្បឿងរាប់រយសន្លឹក។

លោកបន្តថា ៖ អំឡុងពេលតំណាលគ្នានោះដែរ មានរន្ទះបាញ់នៅក្នុងអាងបារាយណ៍មេបុណ្យបង្កស្លាប់ពលរដ្ឋម្នាក់ឈ្មោះពាច ស្មៀយភេទប្រុសអាយុ៥២ឆ្នាំ ពេលកំពុងឃ្វាលក្របី។ ជនរងគ្រោះមានលំនៅភូមិបន្ទយឆ្មារជើងដែរ។

បន្ទាប់ពីមានគ្រោះធម្មជាតិនោះ គេឃើញមានមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលដឹកនាំដោយលោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការហារខេត្តចុះមូលដ្ឋានស្រុកថ្នពួក លោកអែម សុខា អភិបាល លោកយង់ យឺន អភិបាលរងនៃស្រុកថ្មពួក លោកមេឃុំ សមាជិក មេភូមិបានចុះពិនិត្យ រំលែកទុក្ខលំបាក និងបានរៀបចំសម្រួលទីជម្រកនិងជួយអន្តរាគមន៍ជួសជុលផ្ទះឡើងវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២