ខេត្តកណ្ដាល ៖ រហូតដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អ្នកស្លាប់ដោយសារសង្ស័យពុល ស្រា ស បានកើនដល់១១នាក់ ហើយ ក្រោយពួកគាត់នាំគ្នាលួចផឹកកំដរពិធីបុណ្យសព កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។
អភិបាលស្រុកល្វាឯម លោក កន សុកកាយ បានអោយដឹងថា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះថា មានប្រជាពលរដ្ឋមួយប្រមាណ២០នាក់ បានលួចទៅទិញស្រាសពីតូបលក់ចាប់ហួយ និងតៀមស្រា ហើយនាំគ្នាលួចផឹកនៅក្នុងពិធីបុណ្យសព បើទោះបីជាអាជ្ញាធរធ្លាប់ប្រកាសក្ដែងៗរួចមកហើយពីការផ្អាកលក់ស្រា និងផ្អាកលួចផឹកស្រាយ៉ាងណាក្ដី។ ម្ចាស់តូបលួចលក់ទាំងអស់ ត្រូវបានធ្វើកិច្ចសន្យាបញ្ឈប់ការលួចលាក់លក់ស្រា អំឡុងពេលវិធានការកូវីដ១៩នេះ បើសិនហ៊ានលួចលក់ទៀត នឹងចាត់ការតាមផ្លូវច្បាប់មិនខាន ហើយទីតាំងផលិតស្រាសទាំងអស់ ក៏ត្រូវបានចុះពិនិត្យ និងណែនាំ ព្រមទាំងបានផ្អាកបណ្ដោះអាសន្នសិន។ ក្នុងករណីរកឃើញ នោះអាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់មិនខានឡើយ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ការស្លាប់របស់ពួកគាត់មានជាបន្តបន្ទាប់ អាស្រ័យលើស្ថានភាពសុខភាពរបស់ពួកគាត់ ពោលអ្នកស្លាប់ភាគច្រើនអាយុ៥០ឆ្នាំជាង ដែលពួកគាត់ភាគច្រើនជាអ្នកនេសាទ ហើយជាក្រុមញៀនស្រា ដុះមេ ដោយតែងតែលួចផឹកស្ងាត់ៗ ខណៈអាជ្ញាធរបានធ្វើការណែនាំជារឿយៗ ស្ដីពីការផ្អាកលក់ស្រា ផ្អាកផឹកស្រា ប៉ុន្តែពួកគាត់លួចផឹកស្ងាត់ៗ និងលួចលក់ស្ងាត់ៗ ដែលកត្តានេះជាការលំបាកបំផុត ព្រោះពួកគាត់មិនសហការជាមួយអាជ្ញាធរឡើយ៕


