ស្លាប់០៩នាក់ទៀតហើយ ដោយសារពុល ស្រា ស នៅខេត្តកំពត និងជាង៣០នាក់ កំពុងសម្រាកព្យាបាល

ខេត្តកំពត ៖ កាលពីពេលកន្លងមក គឺថ្ងៃទី១១ ខែឧសភា ក៏មានករណី ពុល ស្រា ស ស្រាថ្នាំ នៅស្រុកល្វាឯម ខេត្តកណ្តាល បណ្តាលអោយមនុស្សប្រមាណជា១២នាក់ បានស្លាប់ ប៉ុន្តែនេះជាករណីថ្មីមួយទៀតនៅខេត្តកំពត ដែលបណ្តាលអោយមនុស្សស្លាប់ជាបន្ដបន្ទាប់សរុប ០៩នាក់ គិតតាំងពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីពួកគាត់បានហូបជុំគ្នា ដើម្បីកំដរបុណ្យសព នាពេលកន្លងទៅ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បាសនអោយដឹងថា កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន ០២នាក់ប្តីប្រពន្ធ ជាអ្នកបិទស្រា ស មកសួរនាំ ក្រោយមានហេតុ ការណ៍នេះកើតឡើង ខណៈស្រា ស ត្រូវបានយកទៅពិសោធន៍បន្តនៅក្រសួង។

លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ក៏បានឲ្យដឹងដែរថា ជនរងគ្រោះ ដែលបានហូបស្រា ស ហើយមានអាការៈមិនស្រួលខ្លួន ចំនួន ៣៤នាក់ ក្នុងនោះស្រី០៣នាក់ ត្រូវបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចដើម្បីព្យាបាល។ លោកអភិបាលស្រុក ក៏បានបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះខាងលើ សន្និដ្ឋានថា ពិតជាបានហូបស្រាស បណ្ដាលឲ្យពុលស្លាប់ ព្រោះជនរងគ្រោះដែលស្លាប់ម្នាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាជ្ញាធរ និងជំនាញពាក់ព័ន្ធ បានពិនិត្យសាកសពរួចហើយ មិនមានជំងឺកូវីដ១៩ នោះទេ។
រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ជនរងគ្រោះដែលពាក់ព័ន្ធ ហូបស្រា ស បានស្លាប់ជាបន្ត បន្ទាប់ចំនួន០៨នាក់ ថែមទៀត។

លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានអះអាងដែរថា ករណីជនរងគ្រោះស្លាប់ដូចខាងលើ គឺកម្លាំងជំនាញរបស់លោកកំពុងនាំជនរងគ្រោះពាក់ព័ន្ធមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក និងខេត្ត ដើម្បីធ្វើកោសល្យវិច្ច័យ រកហេតុផល ថាតើជនរងគ្រោះបានបាត់បង់ជីវិតដោយសារមូលហេតុអ្វីឲ្យប្រាកដជាងនេះ៕

សូមចុចទីនេះ https://t.me/TGEntertainment….

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២