ខេត្តបាត់ដំបង ៖ កម្លាំងចម្រុះការពារគោលដៅតំបន់ព្រំដែន បានឃាត់ខ្លួន ជនសង្ស័យមេខ្យល់១នាក់ និងអ្នកបើកបររថយន្ត ០២នាក់ នាំពលករឆ្លងដែនដោយខុសច្បាប់ផ្គើននឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី កាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅ។ ដោយឡែកពលករសរុបចំនួន២៦នាក់ ដោយសារមិនមានជាប់សង្ស័យមានជំងឺកូវីដ១៩ ត្រូវបានសមត្ថកិច្ច អប់រំណែនាំ ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តិ និងអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅស្ថានរៀងៗខ្លួនវិញ។
សមត្ថកិច្ចការពារគោលដៅព្រំដែនបានឲ្យដឹងថា ៖ កម្លាំងកងការពារព្រំដែនលេខ៥០៤ និងនគរបាលស្រុកសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបានកំណត់មុខសញ្ញាចុះស្ទាក់ឃាត់ខ្លួនមេខ្យល់ និងអ្នកបើកបររថយន្តសរុបចំនួន៣នាក់នៅលើគោលដៅចំនួន២ផ្សេងគ្នា ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា គោលដៅទី១ ឃាត់ខ្លួនមេខ្យល់បាន១នាក់ មានឈ្មោះ វង្ស ភឿត អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិអូរជ្រៃ ឃុំរៀង ស្រុកកំរៀង ដកហូតរថយន្តបាន១គ្រឿងម៉ាកហាយឡិនឌ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2P-7179 និងអ្នកបើកបរម្នាក់ទៀតឈ្មោះ គង់ ថង អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌលបានល្មើសដឹកនាំពលករខ្មែរចំនួន១១នាក់ឆ្លងដែនដោយមិនស្របច្បាប់ចូលទៅប្រទេសថៃត្រង់ចំណុចភូមិសាស្ត្រក្រុមទី៦ភូមិអូរជ្រៃឃុំកំរៀងស្រុកកំរៀង។
រីឯនៅគោលដៅទី២ សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជនសង្ស័យឈ្មោះ កាន់ ឌីណា អាយុ២៥ឆ្នាំ មុខរបររត់តាក់ស៊ីរស់នៅក្នុងភូមិភ្នំ១០០ ឃុំត្រាងស្រុកកំរៀង។ ដកហូតបានរថយន្តម៉ាកសាំយ៉ុង១គ្រឿងទៀតពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ 2A.6649 ដែលជនសង្ស័យបានដឹកប្រមូលពលករពីស្រុកក្រឡាញ់ចំនួន១៥នាក់ចូលភូមិសាស្ត្រស្រុកកំរៀង បម្រុងឆ្លងដែនចូលក្នុងទឹកដីថៃក្បែរបង្គោលសីមាលេខ៦២ស្ថិតនៅក្នុងភូមិរកាបោះ ឃុំកំរៀង ស្រុកកំរៀង៕


