ភ្នំពេញ ៖ សង្ស័យតែរឿងស្នេហាត្រីកោណ បានផ្ទុះឡើង កើតជាហិង្សា ដោយមានជនសង្ស័យ០២នាក់ ជិះម៉ូតូដេញកាប់ យុវជនម្នាក់ ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ហើយជនសង្ស័យទាំង០២នាក់នោះ បាននាំយកនារីម្នាក់ដែលធ្វើដំណើរជាមួយ គេចខ្លួនបាត់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោងជាង៨យប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ២ មុខការដ្ឋានដឹកខ្សាច់មួយកន្លែង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ជាជនជាតិវៀតណាម មានអាយុ១៩ឆ្នាំ មុនរបបជាងពេជ្រ នៅគីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ និងស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា ដំបូងគេឃើញ ជនរងគ្រោះ និងនារីម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកនិច ធ្វើដំណើរតាមបណ្ដោយផ្លូវ ជាតិលេខ២ ទិសដៅពីត្បូងមកជើងយ៉ាងលឿនព្រមទាំងមានជនសង្ស័យ២នាក់ដេញតាមពីក្រោយ ធ្វើឲ្យជនរងគ្រោះមិនប្រយ័ត្នទៅបុកបង្គោលភ្លើងបណ្ដាលឲ្យដួល។
ប្រភពដដែលបានបន្តថា ក្នុងអំឡុងពេលជនរងគ្រោះដួល ជនសង្ស័យក៏បានវាយ និងកាប់ទៅលើជនរងគ្រោះ ទាំងកំរោល បណ្ដាលឲ្យដេកដួលនៅនិងកន្លែង រួចនាំយកនារីម្នាក់ដែលបានជិះជាមួយជនរងគ្រោះគេចខ្លួនទៅបាត់។
បន្ទាប់មកប្រជាពលរដ្ឋក៏រាយការណ៍ទៅសមត្ថកិច្ចនិងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកជនរងគ្រោះដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយមានកាំបិតតាំងតោមួយដើម នៅក្បែរសពផងដែរ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញបានចុះមកដក់ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនដៃដល់ ដែលបង្ក សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់៕


