ខេត្តបន្ទាយមានជ័យ ៖ អ្នកនាំផ្លូវម្នាក់ រួមជាមួយពលករខ្មែរ ប្រុសស្រី ប្រមាណ២០នាក់ បម្រុងឆ្លងដែនចូលទៅប្រទេសថៃ ត្រូវបានកងកម្លាំងនគរបាល និងយោធាឈរជើងយាមប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន បានធ្វើការឃាត់ខ្លួន នៅចំណុច២ទីតាំងផ្សេងគ្នានៅស្រុកម៉ាឡៃ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទីព្រឹក កម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងនគរបាលប៉ុស្តិ៍សង្កែ សហការជាមួយកម្លាំងកងពលតូចលេខ៥១ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១៥នាក់ (ស្រី០៨នាក់ កុមារ០២នាក់) នៅក្នុងភូមិសាស្ត្រឃុំបឹងបេង ស្រុកម៉ាឡៃ។
សមត្ថកិច្ចបានឃាត់ខ្លួន អ្នកនាំផ្លូវម្នាក់ ឈ្មោះ យ៉ើន ណារ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងបានប្រគល់ឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននរបាលស្រុកម៉ាឡៃ ដើម្បីសួរនាំ និងចាត់វិធានការបន្ត។
ដោយឡែក នៅស្រុកស្វាយចេក កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងកម្លាំងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍ថ្នល់បំបែក នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយកម្លាំងយោធា៥០៣ និងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានដើរល្បាតក្នុងភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន០៥នាក់ (ស្រី០២នាក់ ក្នុងនោះកុមារតូចអាយុ០៣ឆ្នាំ០១នាក់)បម្រុងលួច ឆ្លងដែនទៅប្រទេសថៃ៕


