បាងងកក ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ការផ្ទុះករណីឆ្លងជំងឺ COVID-19 នៅតាមរោងចក្រនានា ទូទាំងប្រទេសថៃ កំពុងតែបង្កើនក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើវិស័យនាំចេញរបស់ប្រទេសអាស៊ានមួយនេះ។
យោងតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរថៃ រោងចក្រជាង ១៣០ហើយ បានកើតមានករណីឆ្លងជំងឺ COVID-19 ក្នុងនោះមនុស្សជាង ៧,១០០នាក់ ត្រូវបានធ្វើតេស្តវិជ្ជមាន នៅក្នុងខេត្តសរុបចំនួន ១១ ដែលប្រការនេះធ្វើឲ្យរដ្ឋាភិបាលថៃសម្តែងការព្រួយបារម្ភ ដោយសារតែប្រទេសក៏ពឹងផ្អែកខ្លាំងលើការនាំចេញផងដែរ។
គួរបញ្ជាក់ថា ករណីផ្ទុះជំងឺឆ្លងរាតត្បាត COVID-19 នៅតាមរោងចក្រជាង ១៣០ ខាងលើនេះ គឺគ្រាន់តែជាចំណែកតូចមួយ នៃរោងចក្រសរុបចំនួនជាង ៦,៣០០ នៅទូទាំងប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែក្រុមមន្ត្រីជំនាញបាននិយាយថា ផលប៉ះពាល់លើវិស័យនាំចេញ នឹងអាចផ្ទុះឡើងធ្ងន់ធ្ងរ ចំពោះមុខការដួលរលំនៃវិស័យទេសចរណ៍៕