សមត្ថកិច្ចឃាត់ខ្លួនបានទាំងសំបុក ក្រុមជំនាញ ឆក់ កាច់ ក និងប្លន់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ខណ្ឌដូនពេញ និងខណ្ឌទួលគោក ឃាត់ខ្លួនបានហើយ ក្រុមជនសង្ស័យមួយសំបុក ចំនួន៥នាក់ ដែលជាមុខសញ្ញា ឆក់ ប្លន់ កាច់ក ម៉ូតូ សកម្មក្នុងរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើង កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលលេខ 18DE0 តាមបណ្ដោយផ្លូវលេខ១១២ មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៥នាក់មាន ទី១. ឈ្មោះ ពៅ រតនា អាយុ៣០ឆ្នាំ។ ទី២ ឈ្មោះ ហេង ណារិទ្ធ អាយុ២៥ឆ្នាំ។ ទី៣ ឈ្មោះ ភឿន សីហា អាយុ២២ឆ្នាំ។ ទី៤ ឈ្មោះ សុខ ឡុង អាយុ២៨ឆ្នាំ និងឈ្មោះ សុខ ជា អាយុ៣៧ឆ្នាំ។ ជនសង្ស័យទាំង៥នាក់ស្នាក់នៅផ្ទះជួល លេខ 18DE0 តាមបណ្ដោយផ្លូវលេខ១១២ មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

សមត្ថកិច្ចបន្តថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ គឺកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ហេង ណារិទ្ធ នៅព្រឹកថ្ងៃទី២១ ខែមិថុនា នៅចំណុចផ្ទះសំណាក់មួយកន្លែង ក្បែរព្រះវិហារឥស្លាម មូលដ្ឋានសង្កាត់ស្រះចក់ រួចបាននាំមកសាកសួរ ជនសង្ស័យបានសារភាព និងផ្ដល់ចម្លើយ រហូតកម្លាំងនគរបាលជំនាញស៉ើបអង្កេត កំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួន ជនសង្ស័យ៤នាក់ និងដកហូតម៉ូតូបានចំនួន៣គ្រឿងបន្ថែមទៀត នៅមូលដ្ឋានខណ្ឌទួលគោក។

សូមបញ្ជាក់ថា ៖ កាលពី៤ថ្ងៃមុន គឺថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ជនសង្ស័យ មានឈ្មោះ ភឿន សីហា និងបក្ខពួកបានធ្វើសកម្មភាព កាចករម៉ូតូ ម៉ាក PCX ពណ៌ស មួយគ្រឿង ពីមូលដ្ឋានខណ្ឌជ្រោយចង្វារ ដូច្នេះកម្លាំងនគរបាលព្រហ្មទណ្ឌបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានសម្រេច។ សង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនាំខ្លួនទៅសាកសួរកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២