ខេត្តតាកែវ ៖ យុវជនម្នាក់ ត្រូវក្រុមជនសង្ស័យមានគ្នា០៣នាក់ ប្រើកាំបិត ផ្គាក់ ដេញកាប់ បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម យ៉ាងព្រៃផ្សៃ ដែលផ្តើមឡើង រឿងជម្លោះ លេងបាល់ទះ កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ចំណុចភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ក្រុមជនសង្ស័យ ទាំង០៣នាក់ ត្រូវបានសមត្ថកិច្ច ជំនាញ តាមចាប់ខ្លួនបាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ចំណុចភូមិភ្នំតូច ឃុំសំភី ស្រុកបាទី។
ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយទទួលបានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ ដែលចាប់ខ្លួនបាន ទី១៖ឈ្មោះ ម៉ង សម្បត្តិ អាយុ២១ឆ្នាំ, ទី២៖ឈ្មោះ ម៉ង សីហា អាយុ១៩ឆ្នំា (ត្រូវជាបងប្អូនបង្កើត) និងទី៣៖ឈ្មោះ ឌឹម ប្រុស ហៅរាជ អាយុ១៩ឆ្នាំ រស់នៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ដោយឡែក ជនរងគ្រោះឈ្មោះ មាំង ខែមរៈ អាយុ២៧ឆ្នាំ រងនូវកាំបិតផ្គាក់ ជាច្រើនកន្លែង និងដាច់កដៃខាងឆ្វេងបណ្ដាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុមុខផ្ទះជនរងគ្រោះ។
ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ បណ្តាលឲ្យស្លាប់ប្រាកដមែន មូលហេតុដោយសារទំនាស់ពាក្យសំដីក្នុងពេលលេងបាល់ទះ។ ចំពោះជនសង្ស័យទាំងបីនាក់ខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕


