ក្នុងរយៈពេល២៤ ម៉ោង ថៃរាយការណ៍ពីអ្នកជំងឺកូវីដ-១៩ ស្លាប់ច្រើនបំផុត ៥១នាក់ក្នុង១ថ្ងៃ និង ៣,១៧៤នាក់ទៀតជាករណីឆ្លងថ្មីៗ

(បាងកក)៖ យោងតាមការសារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា ក្នុងរយៈពេល២៤ ម៉ោង មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,១៧៤ករណីបន្ថែមទៀត ខណៈចំនួនអ្នកជំងឺបាត់បង់ជីវិតគឺ ៥១នាក់ ដែលជាចំនួនច្រើនបំផុត មិនធ្លាប់មានឡើយក្នុងមួយថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។

ប្រភពដដែលបានគូសបញ្ជាក់ទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៣,១៣៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៣៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ដោយឡែកអ្នកជំងឺចំនួន ១,៩៤១នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២២៨,៥៣៩ករណី ក្នុងនោះមានអ្នកស្លាប់ ១,៧៤៤នាក់ និងអ្នកជាសះស្បើយ ១៨៩,៧៧៧នាក់។ ដោយឡែក សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងវិញ ប្រទេសថៃសម្រេចបានជិត ៨លានដូសហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២