ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយសារបើកគោយន្តកន្ត្រៃ មិនប្រយ័ត្ន ទៅបុកដើមកន្សែងហើយផ្លោង ទៅស្លាប់នៅលើ មែកដើមកន្សែងនោះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវលំត្រង់ចំណុចលើខ្នងអាងត្រពាំងថ្មខាងកើតលូដើមពុទ្រាចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងថ្មកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះកែវ បូរ៉ាភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុជនរងគ្រោះ បើកបរគោយន្តកន្ត្រៃចេញពីផ្ទះទៅដាក់ជីស្រែក្នុងទិសដៅពីកើត ទៅទិសលិចដល់ចំណុចលើខ្នងអាងត្រពាំងថ្ម ខាងកើតលូដើមពុទ្រ្ធាស្រាប់តែគោយន្តរេចង្កូតទៅបុកដើមកន្សែង ចំណែកជនរងគ្រោះបានផ្លោងខ្ទាតចេញពីគោយន្តទៅជាប់កៀប.ក ជាប់មែកចង្វែកដើមកន្សែងបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង គោយន្តខូចខាតបន្តិចបន្តួច។
ប្រភពដដែលបានបញ្ជាក់ថា៖ មូលហេតុ សង្ស័យជនរងគ្រោះត្រូវបានជម្ងឺសរសៃប្រសាទគាត់រើឡើងធ្វើឲ្យគាត់បាត់បង់ស្មារតី បើកគោយន្តរេចង្កូតធ្លាក់ពីលើខ្នងអាងទៅបុកដើមកន្សែងក្បែរនោះ (ជនរងគ្រោះលេបថ្នាំសរសៃប្រសាទ ជាប្រចាំថ្ងៃ) សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕


