វៀតណាម ៖ លោក ង្វៀន វ៉ាន់ហុង រដ្ឋមន្រ្តីក្រសួង វប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វៀតណាមកំពុងធ្វើការលើផែនការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាមួយនឹងលិខិតឆ្លងដែនវ៉ាក់សាំង Covid-19 ទៅកាន់កោះភូគុក (កោះត្រល់) ដ៏ល្បីរបស់ខ្លួន ក្នុងខេត្ដគៀនយ៉ាង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VN Express នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១។
កាលពីនៅថ្ងៃអង្គារកន្លងទៅនេះ ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្ត គៀនយ៉ាង បានស្នើសុំឱ្យរៀបចំផែនការដើម្បីទទួលជនបរទេសទៅលេងកោះភូគុក ហើយសំណើរនេះនឹងត្រូវបញ្ជូនទៅនាយករដ្ឋមន្រ្តី ផាម មីញជីញនៅខែក្រោយ។
ទាក់ទងនឹងរឿងនេះក្រសួងសុខាភិបាលវៀតណាមនឹងសហការជាមួយអង្គភាពពាក់ព័ន្ធដទៃទៀតដើម្បីសាកល្បងប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង ដែលអនុញ្ញាតឱ្យជនបរទេសដែលបានចាក់វ៉ាក់សាំងរួចគ្រប់ចំនួនធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍មួយចំនួនដែលបានគ្រប់គ្រងការឆ្លងមេរោគឆ្លងវីរុសនេះផងដែរ។
ជាមួយគ្នានេះផងដែរ ប្រទេសវៀតណាមគ្រោងនឹងទទួលអ្នកទេសចរណាដែលមកពីប្រទេសដែលគ្រប់គ្រងការរាតត្បាត Covid-19 បានយ៉ាងល្អរួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន និងមានប្រព័ន្ធភាពស៊ាំ។
ទាក់ទងនឹងរឿងផង វៀតណាមមិនទាន់បានបញ្ជាក់នៅឡើយទេថា ក្នុងគម្រោងនេះត្រូវតម្រូវឲ្យអ្នកទេសចរធ្វើចត្តាឡីស័ក ឬមួយក៏អត់ ខណៈសំណើរនេះមិនទាន់សម្រេចដោយរដ្ឋាភិបាលវៀតណាមនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា កោះភូកុកដែលជាកោះធំបំផុតរបស់វៀតណាមដោយវាបានក្លាយជាគោលដៅទេសចរណ៍កំពូលមួយបន្ទាប់ពីរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគ្មានទិដ្ឋាការរយៈពេល ៣០ ថ្ងៃសម្រាប់ជនបរទេសក្នុងឆ្នាំ ២០១៤ ។
នៅឆ្នាំ ២០១៩ មុនមួយឆ្នាំមុនការចាប់ផ្តើមរាតត្បាតជំងឺ កោះនេះបានទទួលភ្ញៀវទេសចរជាង ៥ លាននាក់ក្នុងនោះមានជនបរទេសចំនួន ៥៤១.៦០០ នាក់។
ហើយបន្ទាប់ពីជំងឺរាតត្បាតប្រទេសវៀតណាមបានបិទព្រំដែនរបស់ខ្លួននិងបានលុបចោលជើងហោះហើរអន្តរជាតិទាំងអស់កាលពីខែមីនាឆ្នាំមុន។ មានតែជនជាតិវៀតណាមដែលបានធ្វើមាតុភូមិនិវត្តន៍ អ្នកជំនាញបរទេស អ្នកការទូត អ្នកវិនិយោគ និងកម្មករដែលមានជំនាញខ្ពស់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត លុះត្រាមានតម្រូវការចាំបាច់៕