រុស្សី៖ ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានបាញ់ព្រមាននិងទម្លាក់គ្រាប់បែកនៅលើផ្លូវទឹកនាវាចម្បាំងរបស់អង់គ្លេសដើម្បីដេញចេញពីដែនទឹក ដែលទីក្រុងមូស្គូអះអាងថាជាតំបន់របស់ខ្លួននៅសមុទ្រខ្មៅ ឆ្នេរសមុទ្រឧបទ្វីបគ្រីមៀ នេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Rueters នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ នេះ។
ជាមួយគ្នានេះផងដែរ ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវានេះបានធ្វើដំណើរដោយគ្មានកំហុសឡើយដោយឆ្លងកាត់ដែនទឹកអ៊ុយក្រែនស្របតាមច្បាប់អន្តរជាតិ។
ទោះបីយ៉ាងណាក៏ដោយ ក្រសួងការបរទេសរុស្ស៊ីបាននិយាយយ៉ាងច្បាស់ៗថា ការឆ្លងកាត់នាវាចម្បាំងអង់គ្លេសឆ្លងកាត់តំបន់នោះថាជា“ ការបង្កហេតុដោយឥតលាក់លៀម” ហើយបាននិយាយថាខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសមកសួរនាំជុំវិញឧប្បត្តិហេតុនេះ។
បន្ថែមពីនេះបើតាមសារព័ត៌មាន AP បានឲ្យដឹងថា រុស្ស៊ីព្រមានថា លើកក្រោយខ្លួនអាចនឹងបាញ់កម្ទេចចោលរាល់នាវាចម្បាំងណាក៏ដោយ ដែលបានបំពានដែនទឹករបស់ខ្លួន ។
គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីបានដណ្តើមកាន់កាប់និងបញ្ចូលឧបទ្វីបគ្រីមៀពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ និងចាត់ទុកតំបន់ជុំវិញឆ្នេរសមុទ្រឧបទ្វីបថាជាដែនទឹករបស់រុស្ស៊ី ប៉ុន្តែសម្រាប់បណ្តាប្រទេសលោកខាងលិចយល់ថាតំបន់គ្រីមៀជាផ្នែកមួយរបស់អ៊ុយក្រែនហើយបដិសេធការទាមទាររបស់រុស្ស៊ីចំពោះសមុទ្រនៅជុំវិញនោះ ៕