រត់ទៅណាមិនរួចទេ! បុរសវ័យចំណាស់ ដែលលីពូថៅ ចូលកាប់ ស្រ្តីម្នាក់ស្លាប់ក្នុងថ្លុកឈាមនោះ ចាប់បានហើយ

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ជាឃាតករ ដែលបានយកពូថៅ ចូលទៅកាប់ស្រ្តីម្នាក់ បណ្តាលអោយស្លាប់ ក្នុងថ្លុកឈាម យ៉ាងឃោរឃៅ គ្រាន់តែរឿងទំនាស់ ព្រំដីបន្តិចបន្តួច ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ កាលពីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅនឹងផ្ទះជនដៃដល់តែម្តង ស្ថិតនៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ក្រោយពីកើតមានអំពើឃាតកម្មយ៉ាងព្រៃផ្សៃ បានកើតឡើងនៅវេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ទៅលើជនរងគ្រោះឈ្មោះ សួ សួង អាយុ៧៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួចមក ជនសង្ស័យជាឃាតករ បានរត់គេចខ្លួនបាត់។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរ បាលស្រុកព្រះនេត្រព្រះនិងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងលួចពួនចាំឃ្លាំមើលនៅជិតផ្ទះជនល្មើស រហូតដល់វេលាម៉ោង០៥ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ជនដៃដល់ឈ្មោះ ចយ សឺន ភេទប្រុសអាយុ៦៧ឆ្នាំ បានដើរមកផ្ទះ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះ នេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីរកបាយស៊ី ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលយើងដែលនៅឃ្លាំមើលទីនោះ ចាប់ឃាត់ខ្លួនភ្លាមៗ និងស្រាវជ្រាវរកឃើញពូថៅពុះអុសលាក់ទុកនៅនឹងផ្ទះជាវត្ថុតាង ដែលជនដៃដល់កាន់ទៅកាប់លើជនរងគ្រោះនោះផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២