ថៃ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា អ្នកជំងឺ Covid ១៩ ជាម្តាយរបស់គ្រួសារដែលមានសមាជិក ៦ នាក់ដែលបានឆ្លងជំងឺ Covid ១៩ កាលពីថ្ងៃពុធបានស្លាប់ដោយសារជំងឺនេះ បន្ទាប់ពីបានស្នាក់នៅក្នុងផ្ទះរបស់ពួកគេនៅសង្កាត់ ហួយឃួង ក្រុងបាងកក ដោយសារនៅមន្ទីរពេទ្យអស់គ្រែសម្រាប់ព្យាបាល។
តាមព័ត៌មានបាននិយាយថាស្ត្រីមានវ័យ ៥០ ឆ្នាំបានស្លាប់នៅម៉ោងប្រហែល ៣ ព្រឹក ពោលគឺប៉ុន្មានម៉ោងមុនពេលរថយន្តសង្គ្រោះបន្ទាន់មកដល់ដើម្បីដឹកគាត់និងក្រុមគ្រួសារទៅមន្ទីរពេទ្យ។
ប្រភពដដែលបានបន្តទៀតថា នៅពេលដែលទទួលដំណឹងថាមានគ្រែទំនេរ គាត់បានប្រញាប់ប្រញាល់ទៅមន្ទីពេទ្យភ្លាមៗ ប៉ុន្តែជាអកុសលអ្វីៗបានបានយឺតពេលទៅហើយ។
លោក Kantaphon Duang-amphon អ្នកស្ម័គ្រចិត្តមកពីក្រុមសប្បុរសធម៌មួយដែលមានឈ្មោះថាសេនដាយ បាននិយាយថា ពេលនេះសពរបស់ម្ដាយរបស់គ្រួសាសពត្រូវបានបូជានៅវត្តក្បែរនោះហើយ។
ដោយឡែកសម្រាប់សមាជិកគ្រួសារដែលឆ្លងមេរោគផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯស្រុក Busarakam ក្នុងក្រុង Nonthaburi កាលពីថ្ងៃពុធនេះហើយ។
ប្រភពព័ត៌មានបាននិយាយថា សាច់ញាតិនៃក្រុមគ្រួសារបានស្តីបន្ទោសការបាត់បង់អាយុជីវិតម្តាយរបស់ពួកគាត់ ទៅលើប្រព័ន្ធ“ បញ្ហាសុខាភិបាល” របស់រដ្ឋាភិបាលចំពោះការរកគ្រែសម្រាប់អ្នកជំងឺដែលឆ្លង Covid ១៩។
គួរបញ្ជាក់ថា ក្នុងរយៈពេល២៤ ម៉ោងនេះប្រទេសថៃបានរាយការណ៍ពីករណីឆ្លងកូវីឌ ១៩ ថ្មីចំនួន ៧,០៥៨ នាក់ ស្លាប់ចំនួន៧៥ នាក់ និងជាសះស្បើយឡើងវិញចំនួន ៤,៩៧៨នាក់។
សរុបមករហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣០៨,២៣០ ករណី ក្នុងនោះមានអ្នកស្លាប់ ២,៤៦២ នាក់ និងអ្នកជាសះស្បើយ ២៣៦,១៤៩នាក់៕