អង្គុយផឹកស៊ីជាមួយគ្នា កើតជាទំនាស់រឿងព្រំដី ក្មួយទាញពូថៅ កាប់ពូ ដេកស្លាប់ក្នុងថ្លុកឈាម

ខេត្តកំពង់ធំ ៖ ពូ និងក្មួយ អង្គុយផឹកស៊ីជាមួយគ្នា ស្រាប់ផ្ទុះទំនាស់រឿងព្រំដី លោកក្មួយប្រសារ ទាញពូថៅកាប់ពូ ដេកស្លាប់ក្នុងថ្លុកឈាម នៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ជាក្មួយប្រសារ ឈ្មោះ មិត ពុធ អាយុ៤០ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ (ផ្ទះជាប់របងជាមួយជនរងគ្រោះ) បានយកពូថៅកាប់ជនរងគ្រោះជាឪពុកមាសាច់ថ្លៃ ឈ្មោះ ឃន ស៊ន់ អាយុ៦៤ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ ចំក្រោមឆ្អឹងជំនីរខាងឆ្វេង១កន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ (ផ្ទះជនរងគ្រោះ)។

សមត្ថកិច្ចបន្តថា ករណីឃាតកម្ម កើតឡើងដោយសារទំនាស់ ក្នុងពេលផឹកស៊ី រឿងព្រំដី ដោយនៅមុនពេលកើតហេតុ ម៉ោងប្រហែល១៩ ជនរងគ្រោះនិងជនសង្ស័យ រួមនិងមិត្តភ័ក្តពីរនាក់ទៀត បាននាំគ្នាផឹកស្រាស នៅក្រោមផ្ទះជនរងគ្រោះ រហូតស្រវឹងរៀងៗខ្លួន ហើយក៏កើតជាទំនាស់ពាក្យសំដី រឿងព្រំដី រវាងជនសង្ស័យនិងជនរងគ្រោះ ខណៈនោះជនសង្ស័យ បានយកកែវស្រាគប់លើជនរងគ្រោះ និង បានរត់ទៅផ្ទះរបស់ខ្លួន យកពូថៅមកកាប់ជនរងគ្រោះ ចំក្រោមឆ្អឹងជំនីរខាងឆ្វេង បណ្តាលឲ្យស្លាប់នៅកន្លែងហេតុ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនបាត់។ ប៉ុន្តែត្រូវសមត្ថកិច្ច តាមចាប់ឃាត់ខ្លួន និងរៀបចំកសាងសំណុំរឿង ទៅតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២