ខេត្តព្រះសីហនុ ៖ យុវតី២នាក់បានស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកស្ត្រីជាម្តាយ បានទទួលរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កំពុងជិះម៉ូតូ ត្រូវរថយន្តមួយគ្រឿងបើកបុក កាលពីព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២១១-២១២ ស្ថិតក្នុងភូមិចំណោតរាមម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាងរថយន្ដ០១គ្រឿង មិនស្គាល់ម៉ាក (ក្រោយកើតហេតុបានបើករត់គេចបាត់) ក្នុងទិសដៅពីជើងទៅត្បូង បានបុក ជាមួយម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស សេរី២០២០ ពាក់ស្លាកលេខ ព្រះសីហនុ 1F-8299 ក្នុងទិសដៅស្របគ្នា ជិះគ្នា០៣នាក់។
សមត្ថកិច្ចបន្តថា ជនរងគ្រោះជាយុវតីដែលបានស្លាប់ មាន ឈ្មោះ ម៉ៅ រូគីយ៉ាស់ អាយុ១៨ឆ្នាំ អ្នកបើកបរម៉ូតូ និង ឈ្មោះ ចាន់ លីណា អាយុ១៨ឆ្នាំ ចំណែកស្រ្តីជាម្តាយ ឈ្មោះ ឡាយ ណៃយ៉ឹម អាយុ៤១ឆ្នាំ រងរបួសធ្ងន់។ ជនរងគ្រោះខាងលើមានទីលំនៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកនៅប៉ុស្តិ៍បិតត្រាំងបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកភាគីខាងរថយន្តចូលមកដោះស្រាយនាពេលក្រោយ៕


