ចេញប្លន់០៥ឆ្នាំ ទាំងក្នុងខេត្តនិងរាជធានី មកអស់លក្ខណ៍ដោយសារ អាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ ៖ ករណីជនសង្ស័យចំនួន ០៤នាក់ បានវាយប្លន់ម៉ូតូមួយគ្រឿង ពីជនរងគ្រោះម្នាក់ កាលពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយសារទីតាំងឃាត់ខ្លួន ជាភូមិសាស្ត្រដីវាល បានធ្វើឲ្យមានការរំខានដល់ប្រតិបត្តិ របស់សមត្ថកិច្ច ក្នុងការលបចូលទៅជិតជនសង្ស័យ បណ្តាលឲ្យបក្ខពួកផ្សេងទៀត ដឹងខ្លួនចែកផ្លូវគ្នារត់គេចយ៉ាងលឿន មុនសមត្ថកិច្ចចូលទៅដល់ ទើបធ្វើឲ្យសម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យត្រឹមតែ០២នាក់ និងដកហូតម៉ូតូបាន ចំនួន ៣ គ្រឿង៖ ជនសង្ស័យទាំង០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ ចែម ខែមរិទ្ធ អាយុ២២ឆ្នាំ ពិនិត្យឃើញមានសារធាតុញៀន ជាមុខសញ្ញាវាយប្លន់យ៉ាងសកម្មនៅចំណុចផ្លូវជាតិលេខ៣។ បច្ចុប្បន្នស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះ ទេព ពេញ អាយុ២៣ឆ្នាំ ជាមេក្លោងវាយប្លន់ បច្ចុប្បន្នស្នាក់នៅភូមិទូលពង្រ សង្កាតចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង០២នាក់បានសារភាពឲ្យដឹងថា ពួកគេ និងបក្ខពួក០៥នាក់ទៀត តែងតែធ្វើសកម្មភាព ពួនស្ទាក់វាយប្លន់ជនរងគ្រោះនៅកន្លែងស្ងាត់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និង ខេត្តកំពង់ស្ពឺ។ ជាក់ស្តែងកាលពីឆ្នាំ២០១៧ ក្រុមខ្លួនធ្លាប់បានធ្វើសកម្មភាពវាយប្លន់នៅផ្លូវ៥១ ទឹកដីខេត្តកំពង់ស្ពឺ។ នៅឆ្នាំ២០១៩ ក្រុមខ្លួនធ្លាប់ធ្វើសកម្មភាព វាយប្លន់ នៅក្នុងទីរួមខេត្តកំពង់ស្ពឺ ក្រោយៗមកគឺធ្វើសកម្មភាពវាយប្លន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលចុងក្រោយគឺបានវាយប្លន់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយឈ្មោះ( អាកាយ) ជាអ្នកធាក់ទៅលើជនរងគ្រោះបណ្តាលអោយដួលរួចជនរងគ្រោះបានរត់ទៅកន្លែងទិញអេតចាយក្បែរនោះ បន្ទាប់មកបក្ខពួកខ្លួនឈ្មោះ (អារៈ) បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់រៀងៗខ្លួន។

ជាមួយការបង្ក្រាបជនសង្ស័យទាំង០២នាក់នេះផងដែរ សមត្ថកិច្ចអាវុធហត្ថ បានប្រើឧបករណ៍តេស្តរហ័ស Rapid Test ពិនិត្យជនសង្ស័យ រកឃើញ វិជ្ជមានកូវីត១៩ ម្នាក់ គឺ ឈ្មោះ ទេព ពេញ ជាហេតុធ្វើឲ្យមានការរំខានបន្ថែមដល់និតិវិធី របស់សមត្ថកិច្ច។

ម្ចាស់ម៉ូតូ អាវុធហត្ថមិនទាន់បានស្គាល់និងទាក់ទងបាននៅឡើយទេ ដូច្នេះ អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ម៉ូតូ ឬបងប្អូនណា ស្គាល់ម្ចាស់ម៉ូតូ សូមអញ្ជើញមកទំនាក់ទំនងទទួលយកម៉ូតូ ត្រឡប់ទៅវិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមការគួរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២