ភ្នំពេញ ៖ ជនសង្ស័យចំនួន១៨នាក់ បាននាំគ្នា យកស្បង់ជីវរមកគ្រង ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត រ៉ៃអង្គាសប្រាក់ ពីប្រជាពលរដ្ឋ ត្រូវបាននគរបាលខណ្ឌកំបូលចាប់ខ្លួនជាបន្តបន្ទាប់ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌកំបូល បានអោយឱ្យដឹងថា ការបង្ក្រាបចាប់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលខណ្ឌកំបូលបានទទួលព័ត៌មានប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថាមានមនុស្សមួយក្រុមបានមកជួលផ្ទះស្នាក់នៅ ក្នុងបុរីពិភពថ្មីមួយកន្លែង ក្នុងខណ្ឌកំបូល ហើយនៅពេលព្រឹក បានស្លៀកពាក់គ្រងស្បង់ជីវរក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូល ជាយូរមកហើយ។
សមត្ថកិច្ចបានដាក់កំលាំងស្រាវជ្រាវ ក្នុងនោះជនសង្ស័យចំនួន១០នាក់ គ្រងស្បង់ជីវរ ក្លែងជាព្រះសង្ឃ០៩នាក់ និង០១នាក់ទៀត ជាអ្នកបើករថយន្ត ត្រូវបានចាប់ខ្លួន ខណៈកំពុងបើករថយន្តម៉ាកកូរ៉ូឡាដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះពីគោលដៅមួយចំនួនក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បន្ទាប់ពីសាកសួរជនសង្ស័យទាំងនេះ កម្លាំងនគរបាលខណ្ឌកំបូលក៏បានបន្តចាប់ខ្លួនជនសង្ស័យក្លែងជាព្រះសង្ឃ០៨នាក់ទៀត។ ជនសង្ស័យជាសង្ឃក្លែងក្លាយបន្ទាប់មកត្រូវបាន ព្រះអនុគុណខណ្ឌកំបូលបានចាប់ផ្សឹកពួកគេហើយ ប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរទៅសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។ ក្នុងចំណោមជនសង្ស័យទាំងនេះផងដែរ មាន០៧នាក់បានធ្វើតេស្តរកឃើញមានផ្ទុកសារធាតុញៀន។
បើតាមចម្លើយសារភាពពីជនសង្ស័យប្រាប់សមត្ថកិច្ចថា ពួកគេធ្វើសកម្មភាពក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រជាយូរមកហើយ ក្រោមការចាត់ចែងរបស់មេខ្យល់មានឈ្មោះ ម៉េង អាយុប្រហែល២៥ឆ្នាំ ដោយក្នុង០១ថ្ងៃ ពួកគេរៃអង្គាសប្រាក់បានពី៨ម៉ឺនទៅ១០ម៉ឺនរៀល ក្នុងនោះមេខ្យល់ឈ្មោះម៉េង តម្រូវបង់ឱ្យគេក្នុង០១នាក់ ពី៣ម៉ឺនទៅ ៣ម៉ឺ៥ពាន់រៀល ក្នុង០១ថ្ងៃ នៅសល់ប្រាក់ប៉ុន្មានទៀតគឺពួកខ្លួន យកមកចាត់ចែងចាយវាយ។
ជនសង្ស័យទាំង១៨នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕


